ភ្នំពេញ៖ ដើមឈើក៏អាចជាសម្បត្តិរតន ភណ្ឌបៃតងមួយនៅរាជធានីភ្នំពេញផងដែរ ដោយក្នុងពេលបច្ចុប្បន្ននេះនៅទូទាំងរាជធានីដែលមានផ្ទៃក្រឡា៦៩២៤គីឡូម៉ែត្រក្រឡាមាន ដើមឈើប្រមាណជាង ៥ម៉ឺនដើម ។
លោក សំ សាមុត ប្រធានអង្គភាពសួន ច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០នេះថា នៅលើផ្លូវ២៦ខ្សែ រាជធានីភ្នំពេញមានដើមឈើជាង៥ម៉ឺនដើម ក្នុងនោះដើមឈើធំៗដែលមានអាយុកាលចាប់ពី១០០ឆ្នាំឡើងគឺមាន រហូតដល់ទៅជាង៤០ភាគរយ ។
ដើមឈើទាំងអស់នេះ គេសង្កេតឃើញមាននៅលើផ្លូវលេខ១៧៤ ផ្លូវ១៥៨ ផ្លូវ៨១ ផ្លូវលេខ១២៦ ផ្លូវលេខ៧០ និងតំបន់ជុំវិញមន្ទីរពេទ្យគន្ធបុប្ជា ផ្លូវត្រសក់ផ្អែម មហាវិថីព្រះសីហនុ មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីកម្ពុជាក្រោម រុក្ខវិថីក្រមួនស និងមហាវិថីម៉ៅសេទុង ជាដើម ។
ក្រៅពីនោះដើមឈើមួយចំនួនទៀតក៏អាចងាយស្រួលនឹងមើលឃើញនូវរមណីយដ្ឋានមួយចំនួននៅរាជធានីដែរ ជាពិសេសគឺនៅរមណីយដ្ឋានប្រវត្តិសាស្រ្ត និងវប្បធម៌វត្តភ្នំ នៅតាមទីវត្តអារាម សាលារៀន គ្រឹះសា្ថនសាធារណៈជាដើម ។ដើម្បីប្រែក្លាយរាជធានីឱ្យទៅជាកន្លែងដែលពោរពេញទៅដោយទេសភាពបៃតង រដ្ឋបាលរាជធានីភ្នំពេញកំពុងតែយកចិត្តទុកដាក់ជំរុញឱ្យអាជ្ញាធរខណ្ឌនៅជាយរាជធានីបន្តពង្រីកទេសភាពបៃតង តាមរយៈការលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តដាំដើមឈើជាច្រើនប្រភេទទៀត ។
លោកស្រី ទេព សូដា ដែលជាអ្នកដំណើរឆ្លងកាត់ផ្លូវលេខ២៤០ ជាវិថីមួយដែលមានលក្ខណៈពិសេសត្រង់មានដើមអម្ពិលចាស់ៗធំៗរាប់សិបដើមនៅសងខាងផ្លូវ បានឱ្យដឹងថា វាពិតជាមនោរម្យ និងមានអារម្មណ៍ស្រស់ស្រាយនៅពេលដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះម្តងៗ ។
លោកស្រីបានបញ្ជាក់ថា មិនដឹងជាយ៉ាងម៉េច ឱ្យតែមកដល់ផ្លូវនេះ ដូចជាមានអារម្មណ៍ប្លែក ។ លោកស្រីបានបន្តដោយខ្លីៗថា ដូចជាលែងមានហើយផ្លូវដែលមានដើមអម្ពិលធំៗនៅអមសងខាងផ្លូវនៅកណ្តាលរាជធានីដូចជាផ្លូវនេះ។ ពីមុនយើងធ្លាប់មានឃើញដូចជាផ្លូវមាត់ទន្លេ តែឥឡូវនេះ ដូចជាចាស់ៗ ហើយរលំបាក់បណ្តើរៗហើយ ប៉ុន្តែនៅតាមផ្លូវលេខ២៤០នេះគឺនៅតែឃើញមាន ។
ចំណែកលោក ចាន់ គីមសេង ដែលកំពុងតែឈប់ចតរង់ចាំគ្រួសារចេញពីមន្ទីរពេទ្យភ្នែកអង្គឌួង បានថ្លែងថា នៅភ្នំពេញលោកចាប់អារម្មណ៍ជាងគេគឺ ផ្លូវក្រមួនស និងផ្លូវអង្គឌួង ដោយសារតែនៅចន្លោះផ្លូវនេះមានដើមគ្រាប់បែកធំៗ ប្លែក ។ លោកបានបន្ថែមថា៖ “ដើររកទៅនៅរាជធានីភ្នំពេញ បើមានកន្លែងណាពិសេសដូចជាផ្លូវពីរខ្សែនេះ“ ។
លោក ចាន់ គីមសេង ក៏មិនខុសពីលោកស្រី ទេព សូដា ដែរ ដែលបានបង្ហាញនូវអារម្មណ៍រីករាយនៅពេលដែលបានឃើញទិដ្ឋភាពដ៏ស្រស់ស្រាយ នៃសោភណភាពបៃតងនៅតាមដងវិថី ដែលមានដើមឈើធំៗបែបនេះ ។
ជាទូទៅនៅរាជធានីភ្នំពេញបច្ចុប្បន្ននេះ ដើមឈើដែលត្រូវបានដាំ និងថែរក្សានៅតាមដងផ្លូវ មានច្រើនប្រភេទ ដូចជា ដើមគ្រាប់បែក ដើមគគីរ ផ្កាចំប៉ី ដើមត្របែកព្រៃ ដើមក្ងោក ដើមលឿងរាជ ដើមអម្ពិល ហើយក្រៅពីដើមឈើលម្អទេស ភាពតាមដងផ្លូវ គេក៏អាចនឹងទៅលំហែនៅតាមរមណីយដ្ឋានបៃតងមួយចំនួនទៀត ដូចជានៅរមណីយដ្ឋានវត្តភ្នំ ដែលទីនោះមានដើមឈើជាច្រើនប្រភេទនៅសួន រង្វង់មូលជ្រោយចង្វាខណៈដែលដើមគគីរនៅទីនោះកំពុងតែធំធាត់ ផ្តល់ម្លប់ត្រឈឹងត្រឈៃ និងមានសួនបៃតងជីវចម្រុះសាធារណៈមួយ ចំនួនទៀតដែលអាជ្ញាធរមូលដ្ឋាននៅជាយរាជធានីកំពុងតែរៀបចំ ៕ សំរិត