ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយសមាគមសហភាពយន្តនៃកម្ពុជា ផលិតខ្សែភាពយន្តខ្លីចំនួនបី ស្ដីពីការអប់រំ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីរួមគ្នាកាត់បន្ថយអាត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ខណៈឆ្នាំ២០២០នេះ កម្ពុជាបានប្រកាសអាសន្នចំពោះកំណើននៃអ្នកស្លាប់មានការកើនឡើងខ្ពស់។
លោក ឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ បានថ្លែងបញ្ជាក់ថា ការផលិតខ្សែភាពយន្តអប់រំខ្លីចំនួនបីនេះ គឺធ្វើឡើងស្របពេលជាមួយយុទ្ធនាការរបស់រដ្ឋាភិបាលដែលដាក់អនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ហើយការផលិតខ្សែភាពយន្តខ្លីនេះ គឺបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ។ ហើយនេះ គឺជាសិល្បៈមួយដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ កម្មវិធីក្រុងពាលី រឿងខ្លីអប់រំដើម្បីសុវត្តិភាពចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី ២៥ មិថុនា ឆ្នាំ២០២០ នៅសមាគមសហភាពយន្តនៃកម្ពុជា លោក បានបង្ហាញការរំពឹងទុកថា បន្ទាប់ពីសហការជាមួយសមាគមសហភាពយន្តនៃកម្ពុជា ផលិតខ្សែភាពយន្តខ្លីចំនួនបីនេះ ប្រជាពលរដ្ឋប្រាកដជាទទួលការយល់ដឹងច្រើនអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបានប្រើប្រាស់ផ្លូវធ្វើដំណើរឲ្យបានត្រឹមត្រូវជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ។
លោកស្រី មឿន ស៊ាងសេង ក្រុមប្រឹក្សាភិបាលសមាគមសហភាពយន្តនៃកម្ពុជាបានមានប្រសាសន៍ថា ការផលិតរឿងខ្លីអប់រំដើម្បីសុវត្តិភាពចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែម ស្ដីអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនទៅដល់ប្រជាពលរដ្ឋ ដើម្បីធានាឲ្យបាននូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងស្របពេលនឹងយុទ្ធនាការរបស់រដ្ឋាភិបាលដែលបានដាក់អនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការថែរក្សាឲ្យបាននូវទ្រព្យសម្បត្តិ និង សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។
លោកស្រី បានបញ្ជាក់ថា ខ្សែភាពយន្តខ្លីចំនួនបីដែលត្រូវថតរួមមាន៖ ១. រឿងព្រោះតែអូន, ២. រឿងមហាវិថីគ្រោះថ្នាក់ និងទី៣. វិប្បដិសារីឪពុកខ្ញុំ។
សូមបញ្ជាក់ថា ចាប់តាំងពីការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពីថ្ងៃទី១ ខែឧសភា រហូតដល់ត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ គឺមានរយៈពេល ៥៦ថ្ងៃ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៤១៤លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២២៤នាក់ និងរបួសជាង ៧០០នាក់ ក្នុងនោះរបួសធ្ងន់មានចំនួនជាង ៤០០នាក់។ ចំណែកយានយន្តដែលត្រួតពិនិត្យនិងផាកពិន័យមមានចំនួនជាង ៧ម៉ឺន ៦ពាន់គ្រឿង ដោយក្នុងនោះម៉ូតូមានចំនួនជាង ៥ម៉ឺន ៦ពាន់គ្រឿង និងរថយន្តមានចំនួនជាង ២ម៉ឺនគ្រឿង៕ដោយ៖ជ្រោយពេជ្រ