ខេត្តស្វាយរៀង៖ បុរសចំណាស់វង្វេងស្មារតីម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ក្នុងទឹកអូរបង្កការភ្ញាក់ផ្អើលនិងបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗបន្ទាប់ពីជនរងគ្រោះរូបនេះដេញគោមកផ្ទះតាមមាត់អូរអន្លង់ស្ព័ររួចក៏រអិលជើងលង់ស្លាប់តែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក។
យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះហាស សាមុត អាយុ៧៤ឆ្នាំ មុខរបរកសិករនៅភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក។
បើតាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើគាត់មានជំងឺវង្វេងស្មារតីហើយកូនចៅហាមមិនឱ្យដើរទៅណាឆ្ងាយនិងធ្វើការធ្ងន់នោះទេ។មុនកើតហេតុគាត់បានដេញគោជាច្រើនក្បាលឱ្យមកផ្ទះ ប៉ុន្តែដោយសារគាត់មានជំងឺវង្វេងស្មារតីផងក៏ដើរតាមចំណុចអូរអន្លង់ស្ព័រនៅខាងត្បូងភូមិក៏រអិលជើងលង់ស្លាប់តែម្ដង។
ក្រោយពីសមត្ថកិច្ចនគរបាលនិងគ្រូពេទ្យពិនិត្យសពរួចហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។
សពត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន