ខេត្តកំពង់ធំ ៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ បានបន្តដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយឃុំទាំង ១៨ នៅក្នុងស្រុកទាំងពីរ ដើម្បីត្រួតពិនិត្យចង្អុលបង្ហាញទិសដៅការងារបន្ត ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងបន្តបង្កើនលើកស្ទួយសមិទ្ធផលរបស់គណបក្ស។
នាឱកាសនោះ លោក ថោង ខុន បានណែនាំស្រុកទាំងពីរ ត្រូវបន្តដោះស្រាយបញ្ហាទឹកស្រោចស្រពដំណាំស្រូវ និងដំណាំកសិកម្មជូនប្រជាកសិករ ខណៈបញ្ហាមួយចំនួនត្រូវបានដោះស្រាយរួចមកហើយ។ នៅថ្ងៃនេះផងដែរ កងកម្លាំងអន្តរាគមន៍ពិសេសរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានដឹកម៉ាស៊ីនបូមទឹក ៦គ្រឿង ដើម្បីយកមកបូមទឹកទម្លាក់ចូលប្រឡាយសម្រួលដល់ការស្រោចស្រព។
ពាក់ព័ន្ធបញ្ហាទឹកនេះដែរ លោក ថោង ខុន ក៏បានដាស់តឿនដល់ក្រុមការងារចុះជួយមូលដ្ឋានស្រុកទាំងពីរ ត្រូវដោះស្រាយបញ្ហាទឹកប្រើប្រាស់ និងទឹកសម្រាប់ប្រជាពលរដ្ឋទទួលទាន ដែលកំពុងជួបបញ្ហាទឹកមានធំក្លិនមិនល្អ។
លោក បានជំរុញឱ្យក្រុមការងារបន្តចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបាត់បង់ការងារដោយសារវិបត្តិជំងឺកូវីដ-១៩ ដោយត្រូវកំណត់អត្តសញ្ញាណពួកគេឱ្យបានច្បាស់លាស់ ដើម្បីសម្រួលឱ្យពួកគេទទួលបានការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល។
លោក ថោង ខុន បានកោតសរសើរចំពោះកិច្ចខិតខំរបស់ក្រុមការងារចុះជួយមូលដ្ឋានស្រុកទាំងពីរ ដែលបានរួមសហការគ្នាចុះសួរសុខទុក្ខតាមដានពីអាការសុខភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងដំណាក់កាលជំងឺកូវីដ-១៩ តាំងពីកើតមានវិបត្តិរហូតមកដល់បច្ចុប្បន្ន និងបន្តក្រើនរំឭកឱ្យបន្តស្មារតីសកម្មភាពទាំងនេះទៅមុខទៀត ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។
ការងារទាំងអម្បាលម៉ាននេះ ត្រូវបានឯកឧត្តម ថោង ខុន សង្កត់ធ្ងន់ថា ការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្នា គឺដើម្បីការរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានោះ លោក ក៏បានណែនាំដល់ក្រុមការងារត្រូវជំរុញ និងជួយសម្រួលដល់ការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខឆាប់ៗនេះ។
ក្រោយចប់កិច្ចប្រជុំ លោក ថោង ខុន ព្រមទាំងក្រុមការងារក៏បានចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅស្ថានីយផលិតទឹកស្អាតនៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ និងបានចុះពិនិត្យអគារមន្ទីរពិសោធន៍នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកផងដែរ៕សហការី