ព័ត៌មានទាន់ហេតុការណ៍៖

ចម្លែកម៉្លេះ!! ព្រោះតែចង់មានបាយហូបស្រាប់និងកន្លែងដេកនៅស្រួលសុខចិត្តធ្វើសកម្មភាពលួចម៉ូតូដើម្បីឲ្យសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បើសិនជារឿងពិតវាកម្រកើតមានខ្លាំងណាស់ ព្រោះតែមិនមានបាយហូបដាច់ចិត្តធ្វើសកម្មភាពលួចម៉ូតូដើម្បីឲ្យសមត្ថកិច្ចចាប់ខ្លួនបញ្ជូនយកទៅដាក់ពន្ធនាគារដោយយល់ថាបើគេជាប់គុកនៅទីនោះមានកន្លែងដេកនៅស្រួលខ្លួននិងមានបាយហូបស្រាប់។តែទោះជាយ៉ាងនេះក្តីសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៩៖២០នាទី
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០  នៅចំណុចផ្ទះរបស់ឈ្មោះ ផាត់ សុខលី ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ  រតនៈ ភេទប្រុស អាយុមិនដឹង(មិនដឹងអាយុខ្លួនឯង) ទីលំនៅនឹងមុខរបរមិនដឹង។
ម៉ូតូដែលជនសង្ស័យលួចយកម៉ាកសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F.8862 លេខតួ លេខម៉ាសុីន9527079(កាំបន្ទះពណ៌ខ្មៅ)ជាកម្មសិទ្ធិរបស់ម្ចាស់ផ្ទះឈ្មោះផាត់ សុខលី។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាក្រោយពីទទួលសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះខាងលើសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ បញ្ជូនទៅថ្នាក់លើចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាននិយាយទាំងទឹកភ្នែកហូររហាមថាខ្លួនមិនដឹងថាមានឪពុកនិងម្ដាយឈ្មោះអ្វីនិងរស់នៅខេត្តណានោះទេសូម្បីតែឈ្មោះរបស់គេរតនៈនេះគឺត្រូវបានអ្នករស់នៅជាមួយហៅជាប់មាត់រហូតមកទើបគេដឹងថាខ្លួនឯងឈ្មោះរតនៈនេះ។
ជននេះបានបន្តថារូបគេបានធំដឹងក្តីឡើងនៅគំនរសំរាមនិងរស់នៅអនាថាជាមួយអ្នករើសសំរាមរហូតដល់ធំពេញវ័យហើយចេះតែនៅជាមួយគេរហូតទៅមកដល់ពេលនេះគេមិនដឹងថាតើរូបគេមានអាយុប៉ុន្មាននោះទេ។រូបគេបានរស់នៅតាមយថាកម្មពេលខ្លះរើសអេតចាយបានក៏មានលុយទិញបាយហូបទៅហើយពេលខ្លះទៀតក៏ដាច់បាយទៅតាមនោះដែរ។កន្លងមកគេធ្លាប់ទៅរកការងារធ្វើនៅតាមហាងផឹកស៊ីចង់ធ្វើជាអ្នករត់តុនិងខាងលាងចានតែមិនត្រូវបានគេទទួលនោះទេដោយសារតែរូបគេមិនមានលិខិតបញ្ជាក់អំពីអត្តសញ្ញាណនិងអ្នកធានាច្បាស់លាស់។
ខ្សែជីវិតអនាថារបស់គេចេះតែរសាត់អណ្តែតគ្មានកោះត្រើយមុនពេលដែលគេសម្រេចចិត្តចូលទៅលួចយកម៉ូតូនេះគេនឹកគិតឃើញថាបើគេនៅតែដើរអត់បាយនិងគ្មានទិសដៅបែបនេះរូបគេច្បាស់ជាខ្យល់គរដួលស្លាប់ជាក់ជាមិនខានឡើយ។បន្ទាប់ពីគិតឃើញដូច្នេះហើយ ដើរមកដល់ចំណុចកើតហេតុខាងលើរូបគេក៏សម្រេចចិត្តចូលទៅធ្វើសកម្មភាពលួចយកម៉ូតូក្នុងគោលបំណងឲ្យគេចាប់ខ្លួនដើម្បីយកទៅដាក់គុកព្រោះតែយល់ថាបើជាប់គុកគេនឹងមានបាយហូបស្រាប់និងកន្លែងដេកនៅស្រួលលែងដើរអនាថាតទៅទៀត៕ដោយ៖សេនាស័ក្តិ

ចែករំលែក៖