អន្តរជាតិ៖ ក្រសួងរ៉ែតង់ហ្សានី បានទិញត្បូងថ្មទម្ងន់សរុប១៥គីឡូក្រាមពីលោក Saniniu Laizer ដែលជាអ្នកប្រកបអាជីវកម្មរុករករ៉ែខ្នាតតូចម្នាក់នៅតង់ហ្សានី ក្នុងតម្លៃ៣.៤លានដុល្លារអាមេរិក បន្ទាប់ពីកូនជាងរបស់គាត់បានរកឃើញត្បូងថ្ម Tanzanite ចំនួនពីរដុំ ដ៏ធំបំផុតក្នុងប្រទេស។ នេះបើតាមការផ្សាយរបស់សារព័ត៍មាន BBC កាលពីថ្មីៗនេះ ។
បុរសតង់ហ្សានី បានក្លាយជាមហាសេដ្ឋីភ្លាមៗ ខណៈរកឃើញTanzanite ជាប្រភេទត្បូងថ្មដ៏កម្របំផុតនៅលើលោក ហើយធ្លាប់ត្រូវបានរកឃើញកន្លងមកនៅភាគខាងជើងប្រទេសតង់ហ្សានី ។ ត្បូងថ្មនេះ ត្រូវយកច្នៃយកធ្វើជាគ្រឿងអលង្ការប្រណីតនានា ហើយភូគព្ភវិទូម្នាក់ បានប៉ាន់ប្រមាណថាវាអាចប្រឈមបាត់បង់ទាំងស្រុងនារយៈពេល២០ឆ្នាំខាងមុខ។ ដោយត្បូងដ៏កម្រនេះ មានតម្លៃខុសៗគ្នាទៅតាមពណ៌បៃតងក្រហម ស្វាយ និងខៀវហើយការកំណត់តម្លៃក៏ធ្វើតាមពណ៌ និងភាពភ្លឺច្បាស់របស់វាផងដែរ។
លោក Laizer បានរកឃើញត្បូង Tanzanite ទាំងពីរដុំដែលមានទម្ងន់៩.២គីឡូក្រាម និង៥.៨គីឡូក្រាម កាលពីសប្តាហ៍មុន ហើយបានលក់ចេញនៅពុធ ទៅឲ្យស្ថាប័នជំនាញនៃក្រសួងរ៉ែតង់ហ្សានី ដោយឆ្លងកាត់ការដេញថ្លៃមួយនៅភាគខាងជើងតំបន់ Manyara។
លោកប្រធានាធិបតីតង់ហ្សានី John Magufuli ក៏បានទូរស័ព្ទទៅអបអរសាទរលោក Laizer ផងដែរ ដោយលោករីករាយចំពោះអ្នករុករករ៉ែខ្នាតតូចរូបនេះ ដែលមានឱកាសក្លាយជាមហាសេដ្ឋី។ លោក Magufuli ដែលបានកាន់អំណាចតាំងពីឆ្នាំ២០១៥ មក បានចាត់ទុកវិស័យរុករករ៉ែ ជាផ្នែកនៃការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
លោក Laizer អាយុ៥២ឆ្នាំ ដែលមានភរិយា៤នាក់ និងកូនជាង៣០នាក់បានកាប់គោមួយធ្វើម្ហូបអាហារដើម្បីអបអរសាទរលាបសំណាងរបស់លោក។ បុរសរូបនេះ មានបំណងវិនិយោគនៅសហគមន៍របស់ខ្លួនក្នុងស្រុកSimanjiro តំបន់ Manyara រួមទាំងបង្កើតផ្សារ និងសង់សាលាដើម្បីជួយដល់អ្នកភូមិក្រីក្រ។មិនតែប៉ុណ្ណោះលោក Laizer បានអះអាងប្រាប់ សារព័ត៍មានBBC ថា លោកនឹងមិនប្តូររបៀបរស់នៅរបស់ខ្លួននោះឡើយ ដោយលោកបន្តប្រកបរបរចិញ្ចឹមគោ២០០០ក្បាល និងរស់នៅដោយសាមញ្ញ៕ដោយ៖ស តារា