ព័ត៌មានទាន់ហេតុការណ៍៖

ព្រៃផ្សៃមែន​ ! ចៅប្រុសប្រេីប្រាស់គ្រឿងញៀន​វាយយាយបង្កេីតអាយុ៨១ឆ្នាំ​ ត្រូវពលរដ្ឋលួចថតសកម្មភាព​បាន​

ចែករំលែក៖

ខេត្តកណ្តាល៖ ចៅប្រុសប្រេីប្រាស់គ្រឿងញៀន​បានវាយតប់យាយបង្កេីតអាយុ៨១ឆ្នាំ​ ត្រូវបានប្រជាពលរដ្ឋលួចថតសកម្មភាព​ដ៏ព្រៃផ្សៃនេះបាន​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចាប់ខ្លួន​តែម្តង​ ។ 

សកម្មភាពល្មេីសនេះ​ កេីតឡេីងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨៖០០នាទីល្ងាច នៅចំណុចក្រោមផ្ទះឈ្មោះ ងី គឹមជន ស្ថិតក្នុងភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

របាយការណ៍ពីសមត្ថកិច្ច​ នៅថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២០​ នេះ​បញ្ជាក់ថា​ ជនរងគ្រោះឈ្មោះ ងី គឹមជន ភេទស្រី អាយុ៨១ឆ្នាំ ។ ចំណែក​ ជនសង្ស័យ​ ឈ្មោះ ខេង សុខរាជ ភេទប្រុស អាយុ២៣ឆ្នាំ ធ្លាប់បានអប់រំនៅមណ្ឌលកែប្រែឱកាសខ្ញុំ ចំនួន៦ខែ កាលពីឆ្នាំ២០១៨ ហេីយធ្វេីតេស្តឃេីញមានសារធាតុញៀន​ ។ 

នៅថ្ងៃកេីតហេតុ​ ជនរងគ្រោះ​ជាជីដូនបានយកក្រាស់សិតសក់វ៉ៃទៅលេីជនសង្ស័យ ហេីយជនសង្ស័យបានយកដៃទាំង២បោចសក់ និងច្របាច់កជីដូន។ 

ខណៈពេលដែលជនសង្ស័យធ្វើសកម្មភាពល្មើសទៅលើជនរងគ្រោះ ក៏ត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះថតសកម្មភាពបាន ។ បន្ទាប់មក ក៏បានយកវីដេអូពីសកម្មភាពជនសង្ស័យវាយធ្វេីបាបលេីជនរងគ្រោះជាជីដូនរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្វាយប្រទាល។

ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ ,​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលបានចុះដល់កន្លែងកេីតហេតុហើយឃាត់ខ្លួនឈ្មោះ ខេង សុខរាជ រួមទាំងវត្ថុតាងខាងលេីបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីបន្តចាត់ការតាមនីតិវិធី​ ច្បាប់៕ដោយ៖ចេស្ដា


ចែករំលែក៖