ភ្នំពេញ៖ តារាចម្រៀង លំដាប់ជួរមុខ លោកព្រាប សុវត្ថិ បានបង្ហាញមុខក្នុងការថតភាពយន្តអប់រំខ្លីស្តីអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ការប្រកាសនេះធ្វើឡើងកាលពីចុងសប្តាហ៍នេះក្រោយពីសមាគមសហភាពយន្តនៃកម្ពុជា និង នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានរួមគ្នាផលិតរឿងអប់រំខ្នាតខ្លីចំនួន ៣រឿង។
ភាពយន្តខ្នាតខ្លីទាំង ៣ រួមមានរឿង “ព្រោះតែអូន” “មហាវិថីគ្រោះថ្នាក់” និងរឿង “វិប្បដិសារីឪពុកខ្ញុំ”។ ដែលក្រៅពីលោកព្រាប សុវត្ថិ គេក៏ឃើញវត្តមានតារាប្រុសស្រីល្បីៗជាច្រើនរូប ផ្សេងទៀតផងដែរ។ នេះក៏ជាការបង្ហាញមុខក្រោយពីតារាចម្រៀងលោក ព្រាប សុវត្ថិ នេះក្រោយពីលោកខកខានការសម្តែងអស់រយៈពេលច្រើនឆ្នាំមកហើយ។
អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឡុង ធូ ថ្លែងបញ្ជាក់ថា ការផលិតខ្សែភាពយន្តអប់រំខ្លីចំនួនបីនេះ គឺធ្វើឡើងស្របពេលជាមួយយុទ្ធនាការរបស់រដ្ឋាភិបាលដែលដាក់អនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ហើយការផលិតខ្សែភាពយន្តខ្លីនេះ គឺបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ។ ហើយនេះ គឺជាសិល្បៈមួយដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម។លោក បានបង្ហាញការរំពឹងទុកថា បន្ទាប់ពីសហការជាមួយសមាគមសហភាពយន្តនៃកម្ពុជា ផលិតខ្សែភាពយន្តខ្លីចំនួនបីនេះ ប្រជាពលរដ្ឋប្រាកដជាទទួលការយល់ដឹងច្រើនអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបានប្រើប្រាស់ផ្លូវធ្វើដំណើរឲ្យបានត្រឹមត្រូវជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ។
លោក ព្រាប សុវត្ថិ ក៏បានឲ្យដឹងថា លោកពិតជាសប្បាយចិត្តណាស់ដែលបានចូលរួមសម្តែងនៅក្នុងរឿងអប់រំខ្នាតខ្លីនេះ។ក្រៅពីវត្តមានចូលរួមសម្តែងរបស់លោក ព្រាប សុវត្ថិ គេឃើញមាន តារាសម្តែងស្រីខាងយុទ្ធគុន ដែលផ្ទុះភាពល្បីក្នុងខ្សែភាពយន្តខ្នាតធំរឿង “ការពារឧក្រិដ្ឋជន-Jailbreak” កីឡាការិនី សំ ថារ័ត្ន ក៏រួមបញ្ចេញសមត្ថភាពសម្តែងក្នុងភាពយន្តខ្លីទាំង៣នេះផងដែរ៕ដោយ៖វឌ្ឍនា