ព័ត៌មានទាន់ហេតុការណ៍៖

ធ្វេីកម្មវិធីខួបកំណើតចាក់ធុងបាស់រំខានអ្នកជិតខាង ពេលសមត្ថកិច្ចចុះទៅប្រាប់ ឈ្លោះជាមួយសមត្ថកិច្ចទៀត​រហូតឃាត់ខ្លួនបុរសម្នាក់យកទៅអធិការដ្ឋានខណ្ឌចំការមនទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេីមថ្កូវ​ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន​ បានឃាត់ខ្លួនបុរសម្នាក់​ក្រោយពេលផឹកស៊ីស្រវឹងស្រែកច្រៀងនិងចាក់ធុងបាស់ឮខ្លាំងៗក្នុងកម្មវិធីខួបកំណើត​រំខានដល់អ្នកជិតខាង​ និងមានទំនាស់ជាមួយសមត្ថកិច្ចពេលចុះទៅធ្វើអន្តគមន៍​ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១១​ និង២០នាទីយប់ថ្ងៃទី២៩​ខែមិថុនា​ ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខមួយកន្លែងតាមផ្លូវលេខ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ផ្ទះខាងលើបានធ្វើកម្មវិធីខួបកំណើត និងបានចាក់ធុងបាស់ច្រៀងរាំជាមួយសាច់ញាតិបងប្អូនយ៉ាងសប្បាយ។ លុះមកដល់វេលាម៉ោងប្រហែល៩ជាង ការចាក់ធុងបាស់បានបិទហើយ ប៉ុន្តែការផឹកស៊ីនៅបន្តរហូតដល់ម៉ោងជិត១១យប់ ក៏ស្រាប់តែមានសមត្ថកិច្ច២នាក់ចុះមកណែនាំ ហាមឃាត់មិនឲ្យបន្តការចាក់ធុងបាស់ក៏ស្រាប់តែមានជម្លោះជាមួយគ្នាទៅវិញទៅមក រហូតដល់មានការប្រទាញប្រទង់គ្នា ប៉ះទង្គិចគ្នាមួយប្រាវ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់ដែលស្ថិតក្នុងអាការស្រវឹងយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនភ្លាមៗ ដើម្បីធ្វើការសួរនាំបន្ថែម។

​ គួរបញ្ចាក់ថា​ នៅក្នុងហេតុការណ៍ខាងលេីនេះ ភាគីខាងម្ចាស់កម្មវិធីខួបកំណើតបានចោទប្រកាន់សមត្ថកិច្ចថា​ បានមកដល់ភ្លាមនិយាយគំហកនិងប្រើអំពើហិង្សាមកលើពួកគាត់ហើយបម្រុងដកកាំភ្លើងគំរាមពួកគាត់ទៀតផង។

​ សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍នោះមានតែការប្រទាញប្រទង់គ្នាប៉ុណ្ណោះ គឺគ្មានដកកាំភ្លើងមកគំរាមអីនោះទេ។ ពេលនោះសមត្ថកិច្ចដែលចុះទៅធ្វើអន្តរាគមន៍បានជ្រុះវិទ្យុទាក់ទងហើយក៏បានឱនរើសយកមកសៀតចង្កេះវិញ ទើបខាងម្ចាស់ផ្ទះនោះយល់ច្រឡំ​ ចោទថាដកកាំភ្លើងខ្លីមកគំរាមគាត់។

​ បច្ចុប្បន្ន​ បុរសម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ជាបណ្តោះអាសន្ន​ រង់ចាំដោះស្រាយនៅព្រឹកស្អែកបន្តទៀត៕ ដោយ ជីម​ ភារ៉ា


ចែករំលែក៖