ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែទឹកប្ដូរនិស្ស័យប្តីទាញពូថៅវាយក្បាលប្រពន្ធរងរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ស្ត្រីម្នាក់ត្រូវប្ដីយកពូថៅវាយចំក្បាលក្បាលចំនួន០២ពូថៅបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេតបន្ទាយមានជ័យ ។ 

 លោក ជា  ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ស្តី្ររងគ្រោះជា ប្រពន្ធឈ្មោះធន លាងហាន អាយុ៣៨ឆ្នាំនិងបុរសជាប្តីឈ្មោះ ស៊ិន ស៊ីសុផាត ប្រុសអាយុ ៣៨ឆ្មាំ ០២នាក់ប្តីប្រពន្ធរស់នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ 

 លោកបញ្ជាក់ថា៖នៅមុនពេលកើតហេតុ បុរសជាប្តីបានស្រវឹងស្រា បង្កជាជម្លោះជា មួយប្រពន្ធកើតជារឿងឈ្លោះប្រកែកគ្នា  ដោយអំណាចទឹកប្ដូរនិស្ស័យចូលពោះភ្លេចធម៌ខន្តី  ក៏បានយកពូថៅវាយទៅលើប្រពន្ធចំក្បាលចំនួន០២ពូថៅ បណ្តាលឲ្យបែកក្បាលហូរឈាម ប្រពន្ធស្ទុះរត់ឲ្យអ្នកជិតខាងជួយ និងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងប៉ោយ ប៉ែត 

ចំណែកបុរសជាប្តី ត្រូវបានប្រជាពលរដ្ឋ មេភូមិនិងកម្លាំងប្រជាការពារចាប់ឃាត់ខ្លួនប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងនាំខ្លួនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក។ 

 លោកថា៖នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា ខ្លួនពិតជាវាយប្រពន្ធពិតមែន ព្រោះតែឈ្លក់ទឹកប្ដូរនិស្ស័យនិងមានជម្លោះជាមួយប្រពន្ធ ខឹងពេកក៏ទាញពូថៅវាយតែម្ដង។

ដោយផ្អែកលើចម្លើយសារភាពនិងការប្រព្រឹត្តល្មើសជាក់ស្តែង ជនសង្ស័យឈ្មោះ ស៊ិន ស៊ីសុផាត ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកស្វាយចេក រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖វណ្ណា


ចែករំលែក៖