ទីក្រុងប៉ារីស៖ អតីតនាយករដ្ឋមន្រ្ដីបារាំងលោកFrançois Fillon ត្រូវបានរកឃើញថាមានពិរុទ្ធភាពហើយត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំនិងពិន័យជាប្រាក់ចំនួន៣៧៥០០០€និងការកាត់ទោសមិនមានសិទ្ធ១០ឆ្នាំជាអ្នកនយោបាយចំណែកភរិយារបស់គាត់លោកស្រីPenelope Fillon ក៏ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពដូចគ្នាដែរក្នុងនាមជាអ្នកសមគំនិតហើយត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពេល៣ឆ្នាំពិន័យជាទឹកប្រាក់ចំនួន៣៧៥០០០€និងមិនមានសិទ្ធជាអ្នកនយោបាយរយៈពេល២ឆ្នាំ។
លោកFrançois Fillon ភរិយារបស់លោកនិងអតីតជំនួយការសភាលោក Marc Joulaud ត្រូវបានកាត់ទោសកាលពីថ្ងៃច័ន្ទទី២៩ខែមិថុនាពីបទកិបកេងថវិកាសាធារណៈនិងការលាក់បាំង។ ប្រធានតុលាការទីក្រុងប៉ារីសអ្នកស្រី Nathalie Gavarino បានមានប្រសាសន៍ថា«ដោយយកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់លើផលប្រយោជន៍រួម»ក្នុងគោលបំណងការមានបានសម្រាប់ផ្ទាល់ខ្លួន។ យោងតាមតុលាការបានឲ្យដឹងថាថវិកាសាធារណៈពីរដ្ឋសភានិងព្រឹទ្ធសភាបានកិបកេងក្រោមកិច្ចសន្យារបស់ភរិយានិងកូនៗរបស់លោកFillon មានរហូតដល់ជិត១.១៥៦.០០០អឺរ៉ូ។ លោកFillon និងភរិយាបានប្រកាសភ្លាមៗថាពួគេនឹងប្ដឹងសាលាឧទ្ធរណ៍ចំពោះការផ្ដន្ទាទោសរបស់ពួកគេដ៏ធ្ងន់ធ្ងរនេះ៕
ដោយ៖ម្លិះ