អុីតាលី៖ សារព័ត៌មាន CAN បានឲ្យដឹងកាលពីម្សិលមុិញថា ក្លឹបសេះបង្កង់ Juventus នៃក្របខ័ណ្ឌ Serie A បានប្រកាសថាអ្នកចាំទី GianluigiBuffon និងកីឡាករ Giorgio Chiellini បានបន្តកិច្ចសន្យាលេងឲ្យក្លឹបយក្សមួយនេះរហូតដល់ឆ្នាំ២០២១ ។
កិច្ចព្រមព្រៀងថ្មីដែលត្រូវបានរំពឹងទុកជាយូរមកហើយដោយ Juventus បានន័យថា អតីតប្រធានក្រុមជម្រើសជាតិអុីតាលី Buffon នឹងបន្តស្នាក់នៅជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin មួយនេះ រហូតដល់គាត់អាយុ៤៣ឆ្នាំរបស់គាត់។
Buffon បានវិលត្រឡប់មកកាន់ Juventus កាលពីរដូវក្តៅមុនបន្ទាប់ពីលេងឲ្យក្លឹប Paris Saint-Germain និងជាអ្នកបង្កើតកំណត់ត្រានៃក្របខ័ណ្ឌ Serie A ដោយបានបង្ហាញខ្លួនចំនួន៤៧៩ដងនៅក្នុងលីគចាប់តាំងពីបានមកចូលរួមជាមួយ Juventus កាលពីឆ្នាំ២០០១ ។
ក្នុងពេលនៅជាមួយ Juventus គាត់ធ្លាប់ឈ្នះលីគ៩ដង ហើយធ្លាប់ឈ្នះពានរង្វាន់អឺរ៉ុបតែមួយគត់របស់គាត់គឺពានរង្វាន់ UEFA Cup កាលពីពេលនៅជាមួយក្លឹប Parma ក្នុងឆ្នាំ១៩៩៩ ។
Buffon គឺជាអ្នកកាន់កំណត់ត្រារួមគ្នារបស់ Serie A ជាមួយ Paolo Maldini ដែលលេងក្នុងលីគកំពូលរបស់ប្រទេសអុីតាលីបានច្រើនជាងគេចំនួន៦៤៧ដង ហើយគាត់ក៏ជាអ្នកកាន់កំណត់ត្រានៃការបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអុីតាលី ដោយបង្ហាញខ្លួនបាន១៧៦ប្រកួតចន្លោះឆ្នាំ ១៩៩៧-២០១៨ និងជួយឲ្យអុីតាលីឈ្នះពានរង្វាន់ពិភពលោកឆ្នាំ២០០៦ផងដែរ ។
ដោយឡែកកីឡាករ Chiellini វ័យ៣៥ឆ្នាំដែលបានស្នងតំណែងពី Buffon ក្នុងនាមជាកីឡាករ Juventus និងប្រធានក្រុមជម្រើសជាតិអុីតាលីបានចូលរួមជាមួយក្លឹបនេះក្នុងឆ្នាំ២០០៥ ហើយចាប់តាំងពីពេលនោះមកគាត់បានក្លាយជាមនុស្សដែលមានភាពជោគជ័យបំផុតក្នុងកំឡុងពេលនៅជាមួយក្រុមយក្សមួយនេះ។
Chiellini បានជួយក្លឹបឈ្នះពានរង្វាន់អុីតាលី Serie A ចំនួន៨ដង, ពានរង្វាន់អុីតាលី Cup ៤ដង បើទោះបីគាត់ខកខានក្នុងរដូវកាលនេះដោយសារបញ្ហារបួសសរសៃពួរសាច់ដុំកាលពីខែសីហាឆ្នាំមុន ។
ក្លឹប Juventus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Buffon និង Chiellini នៅតែមានតម្រូវការសម្រាប់ក្លឹប ដូច្នេះយើងបានបន្តកិច្ចសន្យារបស់គាត់ជាផ្លូវការដល់ឆ្នាំ២០២១” ។
ដោយ៖ភារៈ