ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយពលរដ្ឋប្រតិកម្ម , ប៉ូលិស បំភ្លឺថា ជនសង្ស័យញៀនគ្រឿងញៀនខ្លាំង និង ស្រវឹងស្រាជោកជាំ ហើយមានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សាលើមន្ត្រីអនុវត្តច្បាប់

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺថា អំឡុងពេលប្រតិបត្តិការឃាត់ខ្លួន សមត្ថកិច្ចពិនិត្យឃើញ ជនសង្ស័យស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនខ្លាំង និង ស្រវឹងស្រាជោកជាំ និង មានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សាលើមន្ត្រីអនុវត្តច្បាប់ ទើបសមត្ថកិច្ចឈានដល់ការប្រើសិទ្ធិការពារខ្លួនឈានការចាប់ខ្លួនជនសង្ស័យ វាយខ្នោះ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ យើងពិនិត្យឃើញមានការចែករំលែកបន្តគ្នាក្នុងបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធនិងករណីបង្ក្រាបគ្រឿងញៀន នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងពិនិត្យឃើញមានការបកស្រាយមួយចំនួនដែលធ្វើឲ្យមហាជនមានការយល់ច្រឡំមកលើការអនុវត្តច្បាប់របស់សមត្ថកិច្ច។

ដើម្បីចៀសវាងការយល់ច្រឡំ យើងខ្ញុំសូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម ៖
១-កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលា ម៉ោង ១៧:៣០នាទី នគរបាលមូលដ្ឋានបានចេញល្បាត និងពួនស្ទាក់តាមគោលដៅធ្លាប់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានឃើញជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ ហៅ ខ្នាក់ ជិះម៉ូតូម៉ាក Suzuki Smash-V ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១GZ-៨៦១៧ បានឈប់ម៉ូតូទទួលយកគ្រឿងញៀនពីជនសង្ស័យម្នាក់ទៀតមិនស្គាល់ឈ្មោះ រួចជនសង្ស័យម្នាក់គេចចូលដីឡូត៍ក្បែរនោះបាត់ទៅ ចំណែកឯជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ បានជិះម៉ូតូចេញដើម្បីគេចខ្លួនពីសមត្ថកិច្ច។
២-ឈ្មោះ វ៉េ ឡូងរាជ្យ ហៅ ខ្នាក់ គឺជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀននៅទីតាំងខាងលើដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពុងស៊ើបអង្កេតតាមរកចាប់ខ្លួន រួមជាមួយនិងបក្ខពួកមួយចំនួនទៀត
៣-អំឡុងពេលប្រតិបត្តិការឃាត់ខ្លួនសមត្ថកិច្ចពិនិត្យឃើញជនសង្ស័យស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនខ្លាំង និងស្រវឹងស្រាជោគជាំ និងមានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សាលើមន្ត្រីអនុវត្តច្បាប់ ទើបសមត្ថកិច្ចឈានដល់ការប្រើសិទ្ធិការពារខ្លួនឈានការចាប់ខ្លួនជនសង្ស័យ វាយខ្នោះ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងនីតិវិធីច្បាប់។
៤-យើងខ្ញុំទទួលស្គាល់ថាសកម្មភាពប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់ បានប្រើប្រាស់សិទ្ធិហួសព្រំដែននៃវិន័យរបស់កម្លាំង និងវិជ្ជាជីវៈ យើងខ្ញុំចាត់កិច្ចការនេះជាបទពិសោធន៍ និងធ្វើការអប់រំណែនាំ និងពិនិត្យដាក់វិន័យតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

សមត្ថកិច្ច សូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរិះគន់ក្នុងន័យស្ថាបនា ។

ជាមួយគ្នា សមត្ថកិច្ចសូមអំពាវនាវ ដល់សាធារណជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កអោយមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និង អាចប្រឈមចំពោះមុខច្បាប់ជាធរមាន ៕

ដោយ៖ចេស្ដា


ចែករំលែក៖