ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់កាលពីថ្ងៃពុធថា កីឡាករ Angel Gomes បានចាកចេញពីក្លឹប ខណៈដែលកីឡាករវ័យ១៩ឆ្នាំរូបនេះបានបដិសេធសំណើរកុងត្រាថ្មី។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុម Manchester United បាននិយាយថា “អ្នករាល់គ្នានៅ Manchester United សូមជូនពរឲ្យ Angel Gomes មានសំណាងល្អសម្រាប់ពេលអនាគត និងសូមអរគុណគាត់ចំពោះការខិតខំប្រឹងប្រែងរបស់គាត់សម្រាប់ក្លឹប” ។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសឲ្យដឹងថា កីឡាករបាល់ទាត់ដែលមានទេពកោសល្យរូបនេះបានច្រានចោលការផ្តល់ប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន៣០,០០០ផោន (៣៧,៤០០ដុល្លារអាមេរិក) ពីក្លឹបបិសាចក្រហម ខណៈដែលគាត់មិនត្រូវបានគេធានាថានឹងលេងទៀងទាត់នៅក្រោមការគ្រប់គ្រងរបស់លោក Ole Gunnar Solskjaer បច្ចុប្បន្ន ។
សូមបញ្ជាក់ថា កីឡាករ Gomes បានចូលរៀននៅសាលាបាល់ទាត់យុវជនបិសាចក្រហមនៅពេលគាត់មានអាយុ៦ឆ្នាំ ហើយបានបង្ហាញខ្លួនជាក្រុមដំបូងនៅអាយុ១៦ឆ្នាំក្នុងឆ្នាំ២០១៧។ ខ្សែបម្រើប្រយុទ្ធរូបនេះបង្ហាញខ្លួនបាន១០ប្រកួតឲ្យក្រុមបិសាចក្រហម ដែលការប្រកួតចុងក្រោយរបស់គេគឺឈ្នះ ៤-០ លើ Norwich City នៅ Old Trafford ក្នុងក្របខ័ណ្ឌ Premier League កាលពីខែមករា ៕ដោយ៖ភារៈ