ភ្នំពេញ៖ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌ៧មករា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន២សង្កាត់ក្នុងខណ្ឌ៧មករា។
លោក ងី តាយី មានប្រសាសន៍ក្នុងពិធីចែកអំណោយនោះថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យក្រុមការងាររបស់លោកចុះមកជួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានសង្កាត់អូរឫស្សីទី១ និងសង្កាត់អូរឫស្សី២។ កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទម្លាក់ថវិកាចំនួន១៥លានដុល្លារទៅកាន់គោលដៅនានាសម្រាប់រយៈពេល៥ខែ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតដោយសារជំងឺកូវីដ-១៩ ហើយសម្តេចក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានបន្តកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រដើម្បីទទួលបានជំនួយក្នុងអំទ្បុងពេលខ្វះខាតដោយជំងឺកូវីដ-១៩នេះ។
ក្នុងពិធីចែកអំណោយនោះដែរលោក ងី តាយី បានស្នើឱ្យអាជ្ញាធរសង្កាត់ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តយុទ្ធនាការផ្សព្វផ្សាយអប់រំពីការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ។ លើសពីនេះទៀតលោកបានណែនាំដល់អាជ្ញាធរសង្កាត់ និងប៉ុស្តិ៍នគរបាលត្រូវរក្សាសុខសុវត្តិភាព ជូនប្រជាពលរដ្ឋ លុបបំបាត់ឱ្យបាននូវ ចោរលួច ចោរឆក់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ដោយអនុវត្តតាមគោលនយោបាយទាំង៩ចំណុចរបស់ភូមិ ឃុំ មានសុវត្ថិភាព។
រដ្ឋនឹងអាចចំណាយពី៣០ទៅ៥០លានដុល្លារបន្ថែមទៀតបើមើលឃើញថាប្រជាពលរដ្ឋមានផលប៉ះពាល់បន្ត៕ជ្រោយពេជ្រ