ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ចុះពិនិត្យទីតាំងសាងសង់ដំបូលផ្សារច្បារអំពៅជំហានទី៣

ចែករំលែក៖

ភ្នំពេញ៖ គម្រោងសាងសង់ដំបូលផ្សារច្បារអំពៅជំហានទី៣ចាប់ផ្តើមដំណើរការជាបណ្តើរៗហើយក្រោយពីក្រុមការងារ បញ្ចប់ការសាងសង់ដំបូលផ្សារ និងរៀបចំតូបឱ្យមានសណ្តាប់ធ្នាប់ជំហានទី២ចប់ជាស្ថាពរមក អាជីករបានចូលលក់ក្នុងតូបជាធម្មតាឡើងវិញ ។

    ដើម្បីជំរុញការសាងសង់ឱ្យបានលឿននៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ដំបូលផ្សារជំហានទី៣  និងជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារនិងនៅជុំវិញផ្សារ ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងអាជ្ញាធរនឹងអាជីវករ ស្តាប់ពីសំណើនិងសំណូមពររបស់បងប្អូនអាជីវករ 

    លោកគួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅបានប្រាប់ថា  គម្រោងសាងសង់ដំបូលផ្សារជំហានទី៣ ចាប់ផ្តើមដំណើរការជាបណ្តើរៗហើយ ។ ឥឡូវនេះក្រុមការងារបានរៀបចំរុះរើតូបចាស់និងកើបកាយយកកម្ទេចកម្ទីចេញឱ្យអស់ ដើម្បីពន្លឿនការសាងសង់ឱ្យបានលឿន ។ តូបលក់ដូររបស់អាជីវករដែលត្រូវរើចេញជាបណ្តោះអាសន្នដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារសាងសង់ដំបូលផ្សារមានចំនួន៣០០តូប  បន្ទាប់ពីសាងសង់រួចក្រុមការងារនឹងរៀបតូបទាំង៣០០នេះឱ្យមាន

សណ្តាប់ធ្នាប់ល្អទើបឱ្យម្ចាស់តូបចូល លក់ដូរជាធម្មតាវិញ 

   ក្នុងការចុះពិនិត្យការដ្ឋានសាងសង់ដំបូលផ្សារជំហានទី៣និងជួបសំណេះសំណាលជាមួយអាជីវករនេះដែរលោកចេង មុនីរ៉ា អភិបាលខណ្ឌបានណែនាំឱ្យបងប្អូនអាជីវករត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺត្រូវពាក់ម៉ាស់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុល ឬ ជែល សម្លាប់មេរោគឱ្យបានជាប្រចាំ  ព្រោះជំងឺនេះមើលមិនឃើញទេ ហើយងាយឆ្លងរាលដាលលឿនណាស់។ និយាយរួមត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល  ក្នុងការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺCOVID-19 ដែលកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពប្រជាជនលើពិភពលោក 

    សូមរំលឹកថា ផ្សារច្បារអំពៅត្រូវអគ្គិភ័យឆាបឆេះកាលពីពាក់កណ្តាលអធ្រាត្រខែមីនា ឆ្នាំ២០១៩កន្លងទៅ បណ្តាលឱ្យតូបលក់ដូរជាង៥០០តូបឆេះអស់ទាំងស្រុងរួមទាំងទំនិញគ្រប់ប្រភេទគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ។  ក្រោយមកក្រុមការងាររបស់សាលារាជធានីភ្នំពេញនិងសាលាខណ្ឌច្បារអំពៅបានរៀបចំសាងសង់ដំបូងផ្សារជាថ្មីនិងរៀបចំតូបលក់ដូរ  រៀបចំប្រព័ន្ធខ្សែបណ្តាញចរន្តអគ្គិសនីឱ្យមានសណ្តាប់ធ្នាប់ និងរៀបចំប្រព័ន្ធលូកុំឱ្យស្ទះ ។ 

ការសាងសង់ដំបូលផ្សារជាថ្មីនេះធ្វើជា៣ដំណាក់កាល  ដើម្បីកុំឱ្យរំខានការរកស៉ីរបស់អាជីវករ។  ចំពោះដំណាក់កាលចុងក្រោយគឺរៀបចំកែលម្អសណ្តាប់ធ្នាប់នៅជុំវិញផ្សារ ៕

ដោយ៖ សណ្តោស


ចែករំលែក៖