ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់បើកម៉ូតូទៅបុករថយន្តសណ្តោងកុងតឺន័រចតចោលពីក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ចត​ចោល​នៅតាម​​ផ្លូវ​បណ្តាល​ឲ្យ​បាក់.ក​ស្លាប់​​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ។

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១១​យប់ ថ្ងៃ​ព្រហស្បតិ៍​ទី​២ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ ​ស្ថិតនៅក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

សពស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះម៉ែ​អាសាក់ ជា​ចុងភៅ​​ ស្នាក់នៅ​ផ្ទះ​ជួល​ខាងក្រោយ​ផ្សារ​ព្រែកលៀប​។​

​​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កុងតឺន័រមួយគ្រឿងពាក់​ស្លាកលេខ ភ្នំពេញ 3F-1917 ចត​ចោល​នៅ​កន្លែងកើតហេតុ​រយៈពេល២ថ្ងៃ​មកហើយ​ដោយសារតែ​រថយន្ត​ខូច​ជួសជុល​មិនទាន់រួច ស្រាប់តែនៅម៉ោងកើតហេតុ គេឃើញស្ត្រីខាងលើបើកម៉ូតូម៉ាកហុងដាគុប​ជ្រុង​ពណ៌​ខៀវ ពាក់​ស្លាកលេខ ភ្នំពេញ 1D-0916 ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពី​ជើង​ទៅត្បូង​ ខណៈមកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ដែល​ចត​ចោល​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់ក​ស្លាប់​ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋានបានចុះ​មកដល់ រួច​ក៏បាន​ទាក់ទង​​ជំនាញ​ចរាចរណ៍រាជធានីមក​​យក​ម៉ូតូ និង​រថយន្ត​កុងតឺន័រទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ទៅ​ឱ្យរថយន្ត​សា​មុយ យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​រង់​ចាំ​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖