ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃម្សិលមុិញថាកីឡាករវាយកូនបាល់លេខ១ពិភពលោក Novak Djokovic ដែលកាលពីសប្តាហ៍មុនបានធ្វើតេស្តរកជំងឺកូវីដ-១៩ដែរ បានបរិច្ចាគប្រាក់ចំនួនជាង៤ម៉ឺនអឺរ៉ូ (៤៥.០០០ដុល្លារ) ដល់ទីប្រជុំជនប្រទេសស៊ែប៊ីដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩។
បណ្តាញទូរទស្សន៍ SportKlub TV Sport បានរាយការណ៍ថា កីឡាករវ័យ៣១ឆ្នាំ Djokovic បានបរិច្ចាគប្រាក់ទៅក្រុង Novi Pazar នៅភាគនិរតីប្រទេសស៊ែប៊ីដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ទីក្រុងនេះបានប្រកាសអាសន្ននៅក្នុងចុងខែមិថុនាដោយសារតែការរីករាលដាលនៃជំងឺនេះ។
បន្ទាប់ពីមានការរឹតត្បិតការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដំបូងនៅដើមខែឧសភា ឥឡូវនេះស៊ែប៊ីកំពុងរាយការណ៍អំពីការកើនឡើងថ្មីដោយបានកត់ត្រាអ្នកឆ្លងជាង២០០ករណីជារៀងរាល់ថ្ងៃ បើប្រៀបធៀបនឹងខែមុន។
ប្រទេសនៅតំបន់បាល់កង់ថ្មីៗនេះត្រូវបានគេយកចិត្តទុកដាក់ក្នុងការអនុញ្ញាតឱ្យ Djokovic រៀបចំការប្រកួតថ្នាក់តំបន់មួយដែលបានចាប់ផ្តើមនៅក្រុងប៊ែលក្រេកកាលពីពាក់កណ្តាលខែមិថុនាមុនពេលការឆ្លងកូវីដ-១៩បានបង្ខំឱ្យអង្គការនានាជួយជាជំនួយឧបត្ថម្ភផ្សេងៗ។
ស៊ែប៊ីបានចេញសេចក្តីសុំទោសដែលកម្មវិធីប្រកួត Adria Tour ត្រូវបានលុបចោលដើម្បីសុវត្ថិភាព និងសុខភាពកីឡាករ និង អ្នកគាំទ្ររាប់ពាន់នាក់។ លោក Djokovic បាននិយាយថា លោកពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលការប្រកួតនេះត្រូវបានលុបចោល ដោយសារបញ្ហាកូវីដ-១៩នេះ។
សូមជម្រាបថា បច្ចុប្បន្នប្រទេសស៊ែប៊ីមានប្រជាជនប្រហែល៧លាននាក់បានធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយមានមនុស្សជិត១៥.០០០នាក់បានឆ្លងមេរោគនេះ និងមាន២៨១នាក់បានស្លាប់ដោយសារកូវីដ-១៩ ៕ដោយ៖ភារៈ