ខេត្តព្រៃវែង៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០ សមត្ថកិច្ចបានស្ទាក់ចាប់និងឃាត់ខ្លួនបានជនសង្ស័យពីរនាក់ ខណៈដែលពួកគេព្យាយាមជិះឡំប្រឺតារត់គេចខ្លួន បន្ទាប់ពីបានចូលលួចគាស់ទូដាក់ព្រះពុទ្ធបដិមាចំនួន១៤អង្គនៅលើកុដិនៃវត្តព្រៃច្បារ ស្ថិតក្នុងភូមិស្រះថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះគឺក្រោយពេលក្រុមជនល្មើសធ្វើសកម្មភាពលួចព្រះពុទ្ធបដិមាបានសម្រេចរួចមក ព្រះគ្រូចៅអធិការវត្តព្រៃច្បារ ដោយមានការសង្ស័យក៏បានទូរស័ព្ទរាយការណ៍ប្តឹងមកសមត្ថកិច្ច។
ពេលទទួលបានសេចក្ដីរាយការណ៍ភ្លាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់សឹង សហការជាមួយប្រជាការពារ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការនៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច បានដេញតាមស្ទាក់ចាប់បានជនសង្ស័យ២នាក់រួមនឹងវត្ថុតាងផងដែរ នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣ខែកក្កដាឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ១ ក្នុងភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ជនសង្ស័យមានឈ្មោះទី១-ឈ្មោះ សាម វី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ទី២-ឈ្មោះ គង់ ហ្វារឹត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិបឹងឈូក សង្កាត់លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ករណីនេះសមត្ថកិច្ចចាប់បានវត្ថុតាងមាន៖
១-ឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IH-2437
២-ព្រះពុទ្ធបដិមា១៤អង្គ
៣-ឧបករណ៍សម្រាប់គាស់ទ្វារ
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច និងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ ហេង សូរិយា