ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ខណៈឡើងតាមកាំជណ្ដើរយកតង់ទៅបាំងជុំវិញដំបូលផ្ទះកម្ពស់ប្រមាណ៧ម៉ែត្រដើម្បីក៉ំឱ្យភ្លៀងសាច ប៉ុន្តែដោយសារការធ្វេសប្រហែសបណ្តាលឱ្យរបូតដៃរអិលធ្លាក់មកដាច់ផ្ងារក្រោយសន្លប់ស្ដូកស្ដឹងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល់ជួយសង្គ្រោះតែជាអកុសលគឺហួសពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ គង់ ថា អាយុ៦៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។
បើតាមក្រុមគ្រួសារបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងក្ដុកក្ដួលថា ដោយសារផ្ទះរបស់គាត់មានប្រហោងជ្រាបទឹកលើដំបូលផ្ទះពេកទើបឪពុកគាត់បានយកតង់ទៅវ៉ៃដាក់បាំងដែលមានកម្ពស់ប្រមាណ៧ម៉ែត្រ ខណៈនោះស្រាប់តែគាត់របូតដៃរអិលធ្លាក់មកដីដាច់ផ្ងារក្រោយសន្លប់ស្ដូកស្ដឹងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល់ជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ តែជាអកុសលហួសពេលទៅហើយ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាមូលហេតុដោយសារជនរងគ្រោះឡើងជណ្តើរហើយរអិលធ្លាក់មកដាច់ផ្ងារក្រោយបាក់កដាច់សរសៃឈាមស្លាប់តែម្ដង ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត ៕ យឹម សុថាន