អន្តរជាតិ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០បានតែងតាំង និងផ្លាស់ប្ដូរមន្ត្រីដែលធ្វើការលើកិច្ចការកូរ៉េខាងជើង និងសន្តិសុខ ក្នុងគោលដៅដែលត្រូវបានមើលឃើញថា ជាវិធីសាស្ត្រក្នុងការពង្រឹងគោលនយោបាយទាក់ទងអ្នកជិតខាងមួយនេះ ។ ដោយលោក មូន បានតែងតាំងលោក Suh Hoon ដែលបច្ចុប្បន្នជានាយកចារកម្មជាតិ (NIS) ជាទីប្រឹក្សាសន្តិសុខជាតិប្រចាំវិមានប្រធានាធិបតី Cheong Wa Dae និងស្នើតែងតាំងលោក Park Jie-won អតីតសមាជិកសភាបួនអាណត្តិជានាយក NIS វិញ។
លោក មូន ជេអុីន បាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិ រដ្ឋមន្ត្រីបង្រួបបង្រួម ប្រធានចារកម្មជាតិ និងទីប្រឹក្សាផ្នែកការទូត សុទ្ធតែត្រូវបានជំនួសដោយមន្ត្រីដែលមាននិន្នាការរកទំនាក់ទំនងល្អជាមួយព្យុងយ៉ាង ។មិនតែប៉ុណ្ណោះលោក មូន ស្នើបេក្ខភាពលោក Lee In-young ជារដ្ឋមន្ត្រីបង្រួបបង្រួមដើម្បីមើលការខុសត្រូវកិច្ចការអន្តរកូរ៉េ។ ការតែងតាំងលោកPark និងលោក Lee ត្រូវការការយល់ព្រមពីសំណាក់សភាជាមុនសិន។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap បានឲ្យដឹងថា ជាមួយគ្នានោះដែរ លោក មូន ក៏បានតែងតាំងលោក Chung Eui-yong ដែលត្រូវចាកចេញពីតំណែងទីប្រឹក្សាសន្តិសុខជាតិ និងលោក Im Jong-seok អតីតប្រធានសេនាធិការប្រធានាធិបតី ឲ្យកាន់តំណែងជាជំនួយការពិសេសផ្នែកគោលនយោបាយការទូត និងសន្តិសុខផងដែរ។
សូមជម្រាបថា ការតែងតាំងមន្ត្រីសន្តិសុខ និងកិច្ចការអន្តរកូរ៉េនេះ ធ្វើឡើងស្របពេលដែលលោក មូន កំពុងរិះរកមធ្យោបាយដើម្បីកែប្រែទំនាក់ទំនងជាមួយកូរ៉េខាងជើងឲ្យត្រឡប់ទៅរកស្ថានភាពក្រោយឆ្នាំ២០១៨ ដែលភាពល្អប្រសើរ។ ប៉ុន្តែការចរចាមិនបានលទ្ធផលគាប់ចិត្តនាំឲ្យកូរ៉េខាងជើងចាប់ផ្ដើមដើរចេញបន្តិចម្ដងៗពីគន្លងផ្លូវថ្មី ហើយងាកទៅដើរលើគន្លងចាស់ដោយចាប់ផ្ដើមបង្កសកម្មភាពអរិភាពដាក់កូរ៉ខាងត្បូងឡើងវិញ។
គួរបញ្ជាក់ថា មន្ត្រីដែលតែងតាំងពេលនេះ សុទ្ធសឹងធ្លាប់ធ្វើការលើទំនាក់ទំនងជាមួយកូរ៉េខាងជើង។ លោក Park ធ្លាប់ជាមន្ត្រីក្នុងរដ្ឋាភិបាលប្រធានាធិបតី គីម ដេជុង ដែលជួបលោក គីម ជុងអ៊ីល នៅឆ្នាំ២០០០ហើយលោក Lee វិញ ក៏ធ្លាប់ធ្វើការក្នុងទំនាក់ទំនងជាមួយព្យុងយ៉ាងដែរ។លោក Suh លោក Chung និងលោក Im ក៏បានដើរនាទីសំខាន់ក្នុងការរៀបចំជំនួបរវាងលោក មូនជេអុីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅឆ្នាំ២០១៨ ៕ដោយ៖ស តារា