ខេត្តត្បូងឃ្មុំ៖ តំបន់អភិរក្សសត្វស្លាបលាប និងព្រៃលិចទឹក ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នឹងក្លាយជាមណ្ឌលទេសចរណ៍ធម្មជាតិ ដែលជាការផ្ដួចផ្ដើមពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើតាមលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំក្នុងឱកាសដែលលោកចុះពិនិត្យការដ្ឋានសាងសង់ទំនប់បង្ហៀរទឹកព្រែកតាកុចនិងបឹងកណ្ដេរ ស្ថិតក្នុងស្រុកក្រូចឆ្មារ។
លោកអភិបាលខេត្តបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងអស់សូមចូលរួមថែរក្សាទីតាំងទំនប់ទាំងនោះឲ្យបានល្អ ដោយរក្សាបានសត្វស្លាបធម្មជាតិ និងកន្លែងជម្រកត្រីពងកូន ព្រមទាំងជំរុញឲ្យពលរដ្ឋលើកកម្ពស់បរិស្ថាន ទុកសម្រាប់ជាគុណប្រយោជន៍ដល់សង្គមជាតិយើងទាំងអស់គ្នា ក្នុងន័យស្តារ និងអភិរក្សតំបន់ដីសើមឱ្យបានប្រសើរឡើងវិញ ដើម្បីជាប្រភពសម្រាប់បង្កើតជម្រកមច្ឆជាតិ និងជីវចម្រុះ។
លោកបានបន្តទៀតថា តាមចក្ខុវិស័យ យើងនឹងអភិវឌ្ឍប្រែក្លាយពីតំបន់ព្រៃរនាម ទៅជាជម្រកត្រីពងកូន និងតំបន់ដីសើមមួយនេះ ឱ្យក្លាយទៅជាកន្លែងអភិរក្សបរិស្ថាន វិទ្យាសាស្ត្រអេកូទេសចរណ៍ និងជាទីពិសោធន៍ជីវចម្រុះនៅខេត្តត្បូងឃ្មុំ។
បើតាមលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារបានបញ្ជាក់ឱ្យដឹងថា ការដ្ឋានសាងសង់ទំនប់បង្ហៀរទឹកព្រែកតាកុចនិងបឹងកណ្តេរ គឺជាប្រភពទឹកផង និងជាកន្លែងផ្តល់ជម្រកត្រីផងដែរ ជាពិសេសសម្រាប់ប្រជាកសិករច្រើនជាង៤០០០គ្រួសារប្រើប្រាស់ទឹកក្នុងការធ្វើស្រែចម្ការ ដោយមានវិសាលភាពស្រោចស្រពស្រែច្រើនជាង១ម៉ឺនហិកតា នៅជុំវិញតំបន់នោះ ដែលទីតាំងទាំងនេះស្ថិតនៅក្នុងឃុំរកាខ្នុរ និងឃុំឈូក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ខេត្តត្បូងឃ្មុំ មានសក្តានុពលលើវិស័យទេសចរណ៍ ជាអាទិភាពលើការអភិវឌ្ឍរមណីយដ្ឋានធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានកែច្នៃ។ ការអភិវឌ្ឍនេះ សំដៅលើកកម្ពស់គុណភាពវិស័យទេសចរណ៍ ក្នុងន័យរួមចំណែកការអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ផ្តល់ឱកាសការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក និងជួយចូលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុផងដែរ៕ស សម