ភ្នំពេញ៖ បទចម្រៀងរបស់ផលិតកម្មមរតកមេឌៀក្រោមចំណងជើងថា”អ្នកព្រៃវែងអាក្រក់ត្រង់ណា?” បាននិងកំពុងតែធ្វើឲ្យលេចចេញភាពចម្រូងចម្រាស និងប្រតិកម្មមួយចំនួន។ ប្រតិកម្មក៏ក្រោយពីវីដេអូខ្លីស្តីអំពីបទចម្រៀងនេះត្រូវបានផលិតកម្មបង្ហើប។
សាច់រឿងខ្លីប្រមាណជិត៣នាទីដែលបង្ហើបអំពីសាច់រឿងពេញលេញរបស់បទចម្រៀងនេះត្រូវបានបញ្ចេញស្របពេលដែលមានការចែករំលែកជាច្រើនអមដោយការប្រតិកម្មពីទស្ស និកជនមួយចំនួនថាបានបន្ទោសបង្អាប់ និងនាំឲ្យមានការរើងអើសចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងរហូតអ្នកទស្សនាខ្លះថាមិនអាចទទួលយកបាននិងស្នើឲ្យមានការបកស្រាយពីផលិតករ និងអ្នកគ្រប់គ្រងផលិតកម្ម។ ស្របគ្នានេះដែរក៏មានអ្នកគាំទ្រជាច្រើនបានលើកសរសើរពីការតែងនិពន្ធទៅវិញ។ ការសរសើរព្រោះតែជាបទចម្រៀងអប់រំមួយដែលអាចជួយបន្សាបការមើលងាយ រើសអើងទៅវិញប៉ុណ្ណោះ។ អ្នកគាំទ្រខ្លះលើកឡើងថាការនិពន្ធដើម្បីបញ្ចប់ការរើសអើងទៅវិញទេ ដែលមិនគួររិះគន់អ្នកនិពន្ធ ឬផលិតទេគឺមានតែអរគុណដល់អ្នកផលិតដែលបានដាស់តឿនបញ្ចប់ការរើសអើង ដែលអ្នកព្រៃវែងពិតជាយល់ពីអារម្មណ៍មួយនេះ។
អ្នកនិពន្ធ និងជាអ្នកចម្រៀងច្រៀងបទនេះលោក សយ រតនា បានលើកជាសំណួរឡើងថា “មិនដឹងគាត់មើលម៉េចបានជាចេញថាខ្ញុំដៀលអ្នកព្រៃវែងហើយមិនស្តាប់បទគេ មិនមើលចំណងជើងគេទេ” ។ លោកថាបើគាត់ប្រើការគិតឲ្យបានច្រើនជាងនេះបានដឹងថាលោកសរសេរបទនេះដើម្បីអ្វី។ លោកចោទជាសំណួរដែរថា”តើខ្ញុំត្រូវសរសេរបទដៀលខេត្តខ្លួនឯងកើតដែរអី?”។
លោក ឈួន សុខលីម អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មមរកមេឌៀបានបញ្ជាក់ថាបទចម្រៀងមួយនេះមិនមានចេតនាណាមួយបន្ទោសបង្អាប់អ្នកខេត្តព្រៃវែងនោះទេហើយលោកនិងអ្នកនិពន្ធនឹងធ្វើការបកស្រាយលម្អិតអំពីបទចម្រៀង និងខ្លឹមសាររួមរបស់បទចម្រៀងនិងវីដេអូនេះនៅពេលបន្ទាប់៕
ដោយ៖វឌ្ឍនា