ភ្នំពេញ៖ ក្បាច់គុនជាច្រើនតាំងពីសម័យបុរាណដែលដូនតាខ្មែរបានបន្សល់ទុកមកដល់បច្ចុប្បន្ន ក្នុងនោះមានក្បាច់ពិជ័យសង្គ្រាមឬយុទ្ធក្រមខម គឺជាក្បាច់គុនមួយក្នុងចំណោមក្បាច់គុនខ្មែរដទៃផ្សេងទៀតដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយ ហើយដែលមានវ័យចំណាស់មួយនៅក្នុងតំបន់ និង ពិភពលោកផងដែរ។
លោក ច័ន្ទ សុវណ្ណរតន: ដែលជាអនុប្រធាននៃសហព័ន្ធយុទ្ធក្រមខមកម្ពុជា បានឲ្យដឹងថា សហព័ន្ធយុទ្ធក្រមខម ត្រូវបានបង្កើតឡើងដំបូងកាលពីឆ្នាំ២០១១ ហើយក្បាច់គុនយុទ្ធក្រមខមនេះជាក្បាច់គុនមួយដែលត្រូវបានយកទៅបង្កើតជាក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលបានយកទៅបង្ហាត់ដល់ពលទាហានខ្មែរនៅទូទាំងប្រទេស ដូចជាប៉ូលិស ប៉េអឹម ជាដើម។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្បាច់គុនយុទ្ធក្រមខម ត្រូវបានបង្កើតឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានប្រមូលផ្តុំ ក្បួនខ្នាត៣សម័យកាលបញ្ចូលគ្នាគឺសម័យកាលនគរភ្នំ សម័យនគរចេនឡា និងសម័យមហាអាណាចក្រអង្គរ ដោយទ្រង់ប្រសិទ្ធនាមថា មហាមឆវៈគុនមហាយុទ្ធក្រមខម ឬក្បួនពិជ័យសង្រ្គាមខ្មែរមហានគរ។ យុទ្ធក្រមខមនេះ គឺជាអាវុធដ៏សម្បើមសម្រាប់ការពារជាតិទឹកដីនគរ និងសាសនាពីពួកបច្ចាមិត្តដែលចូលមកឈ្លានពានទឹកដីរបស់យើង។
យុវជន ផិន ច័ន្ទសុភ័ក្ត្រ ជាសិស្សម្នាក់កំពុងហាត់រៀនក្បាច់គុនយុទ្ធក្រមខមបានឲ្យដឹងថា ខ្លួនបានចូលហាត់រៀនក្បាច់គុននេះអស់រយៈពេលជាង២ឆ្នាំមកហើយ ហើយមូលហេតុដែលរូបខ្លួនចូលហាត់រៀនក្បាច់គុនបុរាណខ្មែរមួយនេះ ដោយសារតែខ្លួនចង់អភិរក្សក៏ដូចជាមានចិត្តស្រលាញ់ក្បាច់គុនបុរាណខ្មែរ និងដើម្បីពង្រឹងដល់សុខភាពផងដែរ។ យុវជនរូបនេះបានបន្តទៀតថា នៅអំឡុងពេលដែលហាត់ដំបូងៗ ពិតជាមានការឈឺចាប់ខ្លួនប្រាណបន្តិចមែន តែនៅពេលដែលយើងហាត់យូរៗទៅ គឺធ្វើឲ្យយើងសុំា ថែមទាំងអាចជួយដល់រាងកាយនិងសុខភាពឲ្យល្អមាំមួនទៀតផង ។
ចំណែកកុមារី សុខ ដារ៉ាម៉ាដាលីស និងឃុន សម្បត្តិដាវីយ៉ាវិញបានឲ្យដឹងដែរថា ប្អូនស្រីចូលហាត់ក្បាច់គុននេះព្រោះតែទឹកចិត្តស្រលាញ់ និងចង់អភិរក្សក្បាច់គុនបុរាណរបស់ខ្មែរ។ចំណែកអ្នកផ្ទះក៏មិនមានការជំទាស់ឬមានការរារាំងអ្វីនោះដែរ តែគាត់ថែមទាំងជំរុញនិងលើកទឹកចិត្តបន្ថែមទៀត។ ជាមួយគ្នានេះដែរប្អូនស្រីទាំងពីរក៏សូមអំពាវនាវឲ្យយុវតីខ្មែរចូលមកហាត់ក្បាច់គុននេះឱ្យបានកាន់តែច្រើនបន្ថែមទៀត ព្រោះអាចចំណេញបានទាំងសុខភាព រួមទាំងបានចេះក្បាច់គុនទុកសម្រាប់ការពារខ្លួនផងដែរ។
យ៉ាងណាមិញ សម្រាប់សិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៍ចង់ចូលមកហាត់រៀនក្បាច់គុននេះ គឺមិនកំណត់ប្រុសស្រីនោះទេ តែសិស្សទាំងអស់ត្រូវមាន អាយុចាប់ពី៩ឆ្នាំឡើង មានរាងកាយមាំមួន ល្មមអាចហាត់ពត់ខ្លួន អាចគ្រប់គ្រងខ្លួនឯងបាន ទើបអាចចូលហាត់រៀន ក្បាច់គុននេះបាន។
លោក វិន សុភត្រា (នរ:សខ្លា) ដែលជាគ្រូបង្វឹកមួយរូបប្រចាំសហព័ន្ធយុទ្ធក្រមខមកម្ពុជា លោកបានចូលហាត់រៀនក្បាច់គុនយុទ្ធក្រមខមនេះអស់រយៈពេល១១ឆ្នាំ ហើយគឺតាំងពីឆ្នាំ២០១២មក លោកក៏បានក្លាយទៅជាគូ្របង្ហាត់បន្តមួយរូប។លោកបានឲ្យដឹងថា ជាទូទៅការហ្វឹកហាត់របស់ក្បាច់គុនយុទ្ធក្រមខមនេះដំបូងឡើយគឺត្រូវមានការហាត់នូវចលនាបឋម (ហាត់ចលនាសន្លាក់ដៃ ជើងនិងក) ដើម្បីបង្ការកុំឲ្យមានការថ្លោះ គ្រេច អំឡុងពេលហ្វឹកហាត់ ពេលឈរ អង្គុយ វាយជាដើម។ បន្ទាប់មកទើបឈានដល់ការ
ហ្វឹកហាត់ជំហរ គឺមានជំហរសម្រាប់រង និងជំហរសម្រាប់វាយតបតទៅវិញ និងក្បាច់បន្តទៀត មានដូចជាក្បាច់ដៃ កែង ជង្គង់ និងក្បាច់ជើងជាដើម។
ជាចុងក្រោយ លោក វិន សុភត្រា (នរ:សខ្លា) ក៏មានជាសារចូលរួមផ្តាំផ្ញើក្នុងនាមជាគ្រូក្បាច់គុនមួយរូប និងជាប្រជាពលរដ្ឋខ្មែរលោកសប្បាយចិត្តនៅពេលដែលបានឃើញកូនខ្មែរមិនថាប្រុសឬស្រីបានចូលមកហាត់ក្បាច់គុនយុទ្ធក្រមខមនេះ ហើយលោកក៏សំណូមពរឲ្យនៅតែបន្តតទៅទៀត ព្រោះនេះជាក្បាច់គុនរបស់យើងនិងជាក្បាច់គុនរបស់ប្រទេស។
ស្របពេលដែលលោកច័ន្ទ សុវណ្ណរតន: ដែលជាអនុប្រធាននៃសហព័ន្ធយុទ្ធក្រមខមកម្ពុជា ក៏សំណូមពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់មិនថាប្រុសឬស្រី សូមជួយចូលរួមអភិរក្សក្បាច់គុនបុរាណខ្មែរ ដែលជាសម្បត្តិវប្បធម៌ខ្មែរ ហើយចូលរួមផ្សព្វផ្សាយសម្បត្តិវប្បធម៌ខ្មែរទៅឲ្យបរទេសបានយល់បានស្គាល់បានដឹង ក្នុងនាមជាកុលបុត្រខ្មែរជំនាន់ក្រោយទាំងអស់គ្នាផងដែរ៕ស សម