ព័ត៌មានទាន់ហេតុការណ៍៖

រឿង​ព្រេងខ្មែរ÷ដើម​កំណើត​សត្វ​កូនលោក

ចែករំលែក៖

មាន​បក្សី​ម្យ៉ាង​ហៅ​ថា​សត្វ​កូន​លោក រូប​រាង​ស្រដៀង​នឹង​សត្វ​គ្រលីងគ្រលោង ​តែ​មាន​មាឌ​ធំ​ជាង​គ្រលីងគ្រលោង​បន្តិច សម្បុរ​វា​ក្រហម​រទុះ​ៗ​ច្រើន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ភ្នំ ឬ​ព្រៃ​ភ្នំ​ស្រោង​ស្រឹង ។ សត្វ​នេះ​ចាស់​ៗ ខ្មែរ​យើង​បាន​និយាយ​ត​ៗ​មក​ថា មាន​ដើម​កំណើត​មក​ពី​មនុស្ស ដូច​មាន​ដំណាល​ត​ទៅ​នេះ :

កាល​ពី​ព្រេង​នាយ​មាន​កសិករ​ពីរ​នាក់​ប្ដី​ប្រពន្ធ ជា​មនុស្ស​ក្រលំបាក មាន​កូន​ស្រី​តូច​ៗ បី​នាក់ ។ កូន​ទី ១ ចេះ​ដង​ទឹក​ដាំ​បាយ កូន​ទី ២ ចេះ​នាំ​ប្អូន​ដើរ​លេង កូន​ទី ៣ ចេះ​រត់​លេង ក្រោយ​ពី​ពេល​ដែល​ប្ដី​ស្លាប់​ចោល​ទៅ ។ នាង​ប្រពន្ធ​នៅ​មេម៉ាយ​ជា​មួយ​នឹង​កូន​ស្រី ៣ នាក់​តែង​តែ​ទៅ​កាប់​ឧស បេះ​បន្លែ ទូល​ទៅ​លក់​ឯ​ផ្សារ​រាល់​ថ្ងៃ ។

ថ្ងៃ​មួយ​នាង​បាន​ទៅ​ជួប​អ្នក​លេង​ស៊ី​ផឹក​ម្នាក់ ដែល​តែង​តែ​ដើរ​លួច ឆក់​អ្នក​ដំណើរ​ឆ្ងាយ​ជិត បាន​លុយ​កាក់​យក​មក​ស៊ី​ផឹក​ហ៊ឺ​ហារ ។ អ្នក​លេង​នោះ​កាល​បើ​ក្រឡេក​ឃើញ​អ្នក​មេម៉ាយ ក៏​សំដែង​អាកប្បកិរិយា​ជា​អ្នក​គួរ​សម​សួរ​នាង​ថា ចុះ​នាង​នៅ​ភូមិ​ឯ​ណា ? ឆ្ងាយ​ឬ​ជិត ? ហេតុ​អ្វី​ក៏​មិន​ឱ្យ​ប្ដី​ជួយ​រែក ប្រឹង​ផ្ទុក​ទូល ម្នាក់​ឯង​យ៉ាង​ម្ល៉េះ ? ” ។

នាង​ក៏​ប្រាប់​ដោយ​ត្រង់​ថា ខ្ញុំ​ជា​ស្រី​មេម៉ាយ ប្ដី​ស្លាប់​ចោល​ទៅ សព្វ​ថ្ងៃ​ក្រ​លំបាក​ណាស់​ប្រឹង​កាប់​ឧស​បេះ​បន្លែ​លក់​គ្រាន់​បាន​ប្រាក់​កាស បន្តួច​យក​ទៅ​ទិញ​អាហារ​ចំណី​ឱ្យ​កូន​ស្រី ៣ នាក់ បរិភោគ” ។ ឮ​ដូច្នេះ អ្នក​លេង​នឹក​អរ​ព្រួច​ក្នុង​ចិត្ត​ថា នាង​នេះ​មេម៉ាយ​មែន ប៉ុន្តែ​មាន​រូប​ស្អាត​គ្រាន់​បើ គួរ​អញ​តាម​ទៅ​សួរ​ដល់​ផ្ទះ​យក​ជា​ប្រពន្ធ​ឱ្យ​បាន” ហើយ​ក៏​គិត​និយាយ​ថា “នាង! ខ្ញុំ​មាន​ចិត្ត​អាណិត​នាង​ណាស់ ខ្ញុំ​សូម​ជូន ១០ កហាបណៈ សម្រាប់​ទិញ​អីវ៉ាន់​ផ្ញើ​កូន”។ នាង​មេម៉ាយ​ក៏​ទទួលយក​ភ្លាម ដោយ​សេចក្ដី​ត្រេក​អរ លុះ​លក់​ឧស​និង​បន្លែ​អស់​ហើយ នាង​ត្រឡប់​មក​ផ្ទះ​វិញ ។ ឯ​អ្នក​លេង​ក៏​លប​ដើរ​តាម​ក្រោយ ដើម្បី​គន់​មើល​ផ្ទះ​វិញ លុះ​ពេល​ព្រលប់​ក៏​ទៅ​ជួប​ឯ​ផ្ទះ​នាង​និយាយ​គ្នា ត្រូវ​មាត់​ហើយ ក៏​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ត​ទៅ ។

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក អ្នក​លេង​តែង​ចេញ​ទៅ​ប្លន់​អ្នក​ស្រុក ២-៣ ថ្ងៃ​មក​ផ្ទះ​ម្ដង​ក៏​មាន កន្លះ​ខែ​មក​ម្ដង​ក៏​មាន ។ នាង​នោះ​មាន​មាស​ប្រាក់​ចាយ បរិបូរណ៍​ស្លៀក​ពាក់​សុទ្ធ​តែ​របស់​ល្អ​ៗ ក៏​ទៅ​ជា​ធំ​ចិត្ត​ឡើង​ចាង​ក៏​ដើរ​លេង​ជា​មួយ​ប្ដី នៅ​តាម​ផ្សារ​ភ្លេច​គិត​ដល់​កូន​កម្សត់​ទាំង​បី​នាក់ មាន​ចិត្ត​ក្ដៅ​ក្រហាយ ស្អប់​កូន​ស្រី​របស់​ខ្លួន​ ឃើញ​មុខ​កូន​ពេល​ណា ចង់​តែ​យក​កាំបិត​មក​កាប់​ឱ្យ​ដាច់​ក​ទាំង ៣ នាក់ ពេល​ដាំ​ស្ល​ឆ្អិន​ហើយ​នាំ​ប្ដី​បរិភោគ​តែ​ពី​នាក់ ។ សល់​បាយ​ក្នុង​ឆ្នាំង​បន្តិច​បន្តួច កូន​ទាំង ៣ នាំ​បង​ប្អូន​កេះ​កាយ​ស៊ី ខ្លះ​ដេក​លក់​ក្បែរ​ជើង​ក្រាន ខ្លះ​ដេក​លក់​នៅ​ល្វែង​ផ្ទះ​ខាង​ក្រៅ​មូស​សុច​ខាំ​ពង​ខ្លួន ។ ពេល​ព្រឹក​ៗ នាង​នោះ​តាំង​តែង​ខ្លួន​ប្រាណ ទៅ​ស៊ី​ផឹក​នៅ​ឯ​ផ្សារ​ជា​មួយ​ប្ដី​រាល់​ថ្ងៃ ។ ថ្ងៃ​មួយ​ប្ដី​បាន​និយាយ​រំឭក​ថា : បង​មាន​សេចក្ដី​អៀន​ខ្មាស​មិត្ត​ភក្តិ​ខ្លាំង​ណាស់ ព្រោះ​ប្អូន​ចេះ​តែ​តាម​បង​ទៅ​ស៊ី​ផឹក​ឯ​ផ្សារ ដូច្នេះ​បង​សូម​អង្វរ​ចិត្ត​អូន សូម​នៅ​ផ្ទះ​ថែ​ទាំ​កូន​ស្រី​ទាំង ៣​នាក់​ចុះ ។

ឮ​ប្ដី​និយាយ​យ៉ាង​នេះ នាង​នោះ​និយាយ​គិត​ថា “ប្ដី​អញ​គាត់​ហ៊ឺ​ហា​ណាស់ ពួក​ស្ត្រី​ខូច​ក្នុង​ផ្សារ​ស្គាល់​គាត់​ទាំង​អស់ បើ​អញ​បណ្ដោយ​ត​ទៅ​ថ្ងៃ​មុខ​គាត់​នឹង​បោះ​បង់​ចោល​អញ​ពុំ​ខាន គួរ​អញ​រក​ឧបាយ​សម្លាប់​កូន​ស្រី​ទាំង ៣ នាក់ ចោល​កុំ​ឱ្យ​គាត់​មាន​ពាក្យ​ចាក់​ដោត​ថា ឱ្យ​អញ​នៅ​ផ្ទះ​ព្រោះ​តែ​កូន​ឡើយ ។ លុះ​ដល់​ខែ​ពិសាខ​មាន​ភ្លៀង​ធ្លាក់​ជោក​ជាំ នាង​នោះ​និយាយ​បញ្ឆោត​កូន​ថា ‘កូន​អើយ ! កាល​ឪពុក​ឯង​នៅ​រស់​នៅ តែ​ដល់​រដូវ​នេះ​ហើយ​គាត់​តែង​នាំ​ម្ដាយ​ទៅ​សាប ព្រោះ​ស្រូវ​នៅ​ត្រពាំង​ទឹក​ក្នុង​ព្រៃ​ជិត​ជើង​ភ្នំ​មាន​ខ្ទម​លំហ​ដេក​ចាំ​ស្រូវ​ស្អែក​នេះ ម្ដាយ​នឹង​យក​ស្រូវ​ពូជ​ទៅ​សាប​ព្រោះ ចូរ​កូន​ទៅ​ដេក​ចាំ​ចាប​ព្រាប​លលក កុំ​ឱ្យ​ស៊ី​ស្រូវ ” ។ លុះ​ព្រឹក​ឡើង​នាង​នោះ នាំ​កូន​ទៅ​ក្នុង​ព្រៃ​ហោ​ឋាន​ជិត​ជើង​ភ្នំ យក​ស្រូវ​ទៅ​បាច​សាប​ក្នុង​ត្រពាំង​រួច​ផ្ដាំ​កូន​ថា “នែ​ហង​រាល់​គ្នា! ត្រូវ​នៅ​ចាំ​ស្រូវ កុំ​ទៅ​ណា​ឆ្ងាយ កុំ​ទៅ​ផ្ទះ បើ​ទៅ​អញ​វាយ​សម្លាប់ ” ផ្ដាំ​ហើយ​នាង​នោះ​ទុក​បាយ​ឱ្យ ១​ចំណែក​ម្នាក់​អង្គរ ៣ ចាន​ពោត​បួន​ដប់​គ្រាប់ កូន​ឆ្នាំង​ដី​មួយ នឹង​អំបិល​ប្រហុក​ បន្តិច​បន្តួច​ដោយ​គិត​ថា “យប់​នេះ​ខ្លា​វា​នឹង​មក​ខាំ​ស៊ី បើ​មិន​ស្លាប់​ដោយ​ខ្លា​ស៊ី​ក៏​គង់ ស្លាប់​ដោយ​អត់​បាយ​ពុំ​ខាន” ។ លុះ​ផ្ដាំ​កូន​ស្រេច​ហើយ ក៏​ត្រឡប់​មក​ផ្ទះ​វិញ ដេក​ចាំ​មើល​ប្ដី​មក​ពី​រក​ស៊ី ។ លុះ​ប្ដី​មក​ដល់​ក៏​សួរ​ថា “កូន​ស្រី​ទាំង ៣ នាក់​ទៅ​ដើរ​លេង​ឯ​ណា​ពុំ​ឃើញ​មក​ផ្ទះ ” ។ ប្រពន្ធ​ប្រាប់​ថា ខ្ញុំ​ប្រើ​វា​ឱ្យ​ទៅ​ចាំ​ស្រូវ​ជា​មួយ​ចាស់​ទុំ​ជា​ច្រើន​លុះ​ស្រូវ​ទុំ​ទើប​វា​ត្រឡប់​មក​វិញ ។

ចំណែក​កុមារី​ទាំង ៣ នាក់​នាំ​បង​ប្អូន​យក​គ្រាប់​ពោត​ទៅ​កប់​តាម​ភ្លឺ​ត្រពាំង ពេល​យប់​នាំ​គ្នា​ឡើង​ទៅ​ដេក​លើ​ខ្ទម ។ ឮ​សូរ​តែ​មាត់​ដំរី ចចក ស្វាន​ស្វា​ស្រែក​ទ្រហឹង​អឹង​កង​ពេញ​ព្រៃ​ស្មសាន នាង​បង​មាន​សេចក្ដី​ភិត​ភ័យ ញ័រ​ខ្លួន​ដូច​សត្វ​ស្ទើរ គ្មាន​ព្រលឹង​នៅ​ក្នុង​ខ្លួន លួង​ប្អូន​ៗ​កុំ​ឱ្យ​យំ​ខ្លាច​សត្វ​សាហាវ​ទាំង​នោះ​វា​មក​ខាំ​សម្លាប់ ។ គ្រា​នោះ​អារក្ខ​ទេវតា​ដែល​ឋិត​នៅ​ក្នុង​ព្រៃ​ស្មសាន​គិត​ថា “នាង​ម្ដាយ​ហេតុ​អ្វី​ក៏​យក​កូន​តូច​ៗ​មក​ប្រោស​ចោល​ក្នុង​ព្រៃ​ដូច្នេះ បើ​អញ​មិន​ជួយ​កុមារ​ទាំង​៣ នេះ​ផង​មុខ​ជា​ម្រឹគ​ពាទ្យ​យង់​ឃ្នង​ស៊ី​ពុំ​ខាន គួរ​អញ​សង្គ្រោះ​កុមារ​ទាំង​នេះ​ទម្រាំ​ផុត​ពេល​រាត្រី​នេះ ហើយ​អញ​នឹង​ក្រាប​ទូល​សម្ដេច​ឥន្ទ្រាធិរាជ ” ។ គិត​ស្រេច​អារក្ខ​ទេវតា​សម្ដែង​ឫទ្ធិ​ស្រែក​គំរាម​ពួក​សត្វ​សាហាវ​ឱ្យ​រត់​ខ្ចាត់​ខ្ចាយ​ទៅ លុះ​ព្រឹក​ឡើង​ក៏​ចូល​ទៅ​កាន់​សំណាក់​ទេវរាជ​ឈ្មោះ​វរុណ នៅ​ទិស​ឦសាន ដើម្បី​ឱ្យ​ទេវរាជ​នេះ នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ព្រះ​ឥន្ទ្រាធិរាជ ។

វរុណ​ទេវរាជ​រំពឹង​ឃើញ​ថា “ការ​នេះ​មិន​ចាំ​បាច់​ទៅ​ក្រាប​ទូល​ព្រះ​ឥន្ទ្រាធិរាជ​ទេ ព្រោះ​កុមារី​ទាំង ៣ នេះ​ត្រូវ​ក្លាយ​ខ្លួន​ទៅ​ជា​សត្វ​បក្សី ” ហើយ​បង្គាប់​ថា “ត្រូវ​អ្នក​ឯង​ជួយ​ការពារ​កុមារី​ទាំង ៣ ឱ្យ​មធ្យ័ត​កុំ​ឱ្យ​សត្វ​សាហាវ​បៀតបៀន​បាន ទម្រាំ​វា​ក្លាយ​ខ្លួន​ទៅ​ជា​សត្វ បើ​វា​ឃ្លាន​អាហារ​ត្រូវ​និមិត្ត​ជា​ត្រី​ក្រឹម​ទន្សាយ ខ្យង ខ្ចៅ ដាក់​ក្នុង​ត្រពាំង​មួយ​ឱ្យ​វា​ស៊ី​ទៅ ” ។ អារក្ខ​ទេវតា​ត្រឡប់​មក​វិញ​ក៏​ធ្វើ​តាម​បង្គាប់​វរុណ​ទេវរាជ ។ ឯ​កុមារី​ទាំង ៣ នាក់​នោះ​នៅ​ចាំ​ស្រូវ​បាន ៣ យប់ ៣ ថ្ងៃ ក៏​អស់​អង្ករ ៣ ចាន​ដែល​ម្ដាយ​ទុក​ឱ្យ​ស៊ី ប្អូន​យំ​រក​បាយ​ស៊ី បង​បាន​ដើរ​ទៅ​បេះ​ស្លឹក ថ្នឹង ចូល​ទៅ​ក្នុង​ថ្លុក​ក្ដិច​ត្រួយ​ត្រកួន និង ដើម​អំពៅ​ដៀប យក​មក​ចែក​គ្នា​ស៊ី ។

ប្អូន​បង្អស់​ចេះ​តែ​ស្រែក​យំ បង​ក៏​នាំ​គ្នា​ចុះ​ទៅ​ចាប់​ត្រី​ក្រឹម​ទន្សាយ​ធំ​មួយ​បាន​មក ប្រុង​ដុត​ស៊ី​តែ​ភ្លើង​ដែល​ម្ដាយ​បង្កាត់​ទុក​ឱ្យ​រលត់​អស់​ទៅ ក៏​នាំ​បង​ប្អូន​ហែក​ស៊ី​ឆៅ​បន្តិច​ម្នាក់ ។ ប្អូន​ចេះ​តែ​យំ​កន្ទក់កន្ទេញ​ចង់​ទៅ​ផ្ទះ បង​ថា​មិន​ហ៊ាន​ទេ ខ្លាច​ម៉ែ​វាយ តែ​ប្អូន​ទាំង​ពីរ​ស្រែក​យំ​ខ្លាំង​ពេក​បង​ទ្រាំ​មិន​បាន​ក៏​នាំ​គ្នា​ទៅ​ផ្ទះ ។

ឯ​ម្ដាយ​កាល​បើ​ឃើញ​កូន​បណ្ដើរ​គ្នា​មក​ដូច្នោះ ក៏​មួរ​ម៉ៅ​ស្រែក​ជេរ​ពី​លើ​ផ្ទះ មេ​កូន​ចង្រៃ ! អញ​ថា​យក​វា​ទៅ​ប្រោស​ចោល ឱ្យ​ស្លាប់​ព្រាត់​ប្រាស់​អស់​ទៅ​ឥឡូវ មិន​ស្លាប់​បែរ​ជា​នាំ​គ្នា​ត្រឡប់​មក​វិញ​ អញ​វាយ​សម្លាប់​ឥឡូវ​ហើយ កុំ​ឱ្យ​អញ​ឃើញ​មុខ​មាត់​អញ​មិន​ឱ្យ​ហង​ឡើង​ផ្ទះ​សម្បែង​ទេ ” ។ នាង​បង​អង្វរ​ថា “សូម​អ្នក​ម្ដាយ​អាណិត​កូន​ផង​ចុះ ព្រោះ​ប្អូន​ចេះ​តែ​យំ​ឃ្លាន​បាយ​អត់ ២-៣ ថ្ងៃ​ហើយ​ស៊ី​តែ​ស្លឹក​ឈើ​ជំនួស​បាយ​ភ្លើង​ក៏​រលត់​អស់ បើ​ម៉ែ​មិន​ឱ្យ​នៅ​កូន​សូម​តែ​អង្ករ​និង​ភ្លើង​ត្រឡប់​ទៅ​វិញ សូម​ម្ដាយ​កុំ​ធ្វើ​បាប​កូន កូន​សូម​ទោស ” ។ ឯ​កូន​ប្អូន​និយាយ​ប្រាប់​ម្ដាយ​ថា “ម៉ែ ! បង​ចាប់​បាន​សាយ​ស៊ី​អែត ” ។ ម្ដាយ​ឮ​កូន​ប្រាប់​ថា “ចាប់​បាន​ទន្សាយ​ស៊ី​ឆ្អែត’ ក៏​រឹត​មួរ​ម៉ៅ​ខ្លាំង​ណាស់​ទៅ​ទៀត ជេរ​បញ្ចោរ​ថា “មេ​កូន​ចង្រៃ! វា​បាន​ទន្សាយ​ចែក​គ្នា​ស៊ី​ម្ដេច​មិន​យក​ឱ្យ​អញ​ស៊ី​ផង ” ។ និយាយ​តែ​ប៉ុណ្ណោះ​ក៏​ស្ទុះ​ទៅ​វាយ​កូន​ទាំង ៣ នាក់​ធាក់​ច្រំ​បណ្ដេញ​ឱ្យ​ទៅ​ព្រៃ​វិញ របស់​អ្វី​បន្តិច​បន្តួច​ក៏​មិន​ឱ្យ​សោះ ប៉ង​ឱ្យ​តែ​ស្លាប់​បាត់​បង់​ទៅ។ គួរ​ឱ្យ​អាសូរ​កុមារី​ទាំង ៣ នាក់​នេះ​ពន់​ពេក​ម្ដាយ​វាយ​បែក​ឈាម​ហូរ​សស្រាក់ ក៏​នៅ​តែ​មិន​បាត់​វាចា​ថា “ម៉ែ​ៗ !” ឥត​ដឹង​ថា​​ម្ដាយ​ប្រុង​សម្លាប់​ខ្លួន​ចោល​សោះ ។ ឯ​កុមារី​ប្អូន​ចេះ​តែ​អួត​ប្រាប់​ម្ដាយ​ថា “បាន​សាយ​ស៊ី​អែត​ៗ ” ។ ម្ដាយ​ឮ​ដូច្នោះ​រឹត​តែ​វាយ​ខ្លាំង​ថែម​​ទៀត ។

នាង​បង​ប្រឹង​ទាញ​ប្អូន​ទាំង​ពីរ​នាក់​ទៅ​ដោយ​គិត​ឃើញ​ថា បើ​ទ្រាំ​នៅ​មុខ​តែ​ម្ដាយ​សម្លាប់​មិន​ខាន​ ហើយ​នាំ​គ្នា​ទៅ​នៅ​ក្នុង​ខ្ទម​ដដែល ដោយ​គ្រាំ​គ្រា​នឹង​ម្ដាយ​វាយ​សំពង់​ក៏​សន្លប់​បាត់​ស្មារតី​ទាំង ៣ នាក់ ។ អារក្ខ​ទេវតា​កាល​បើ​ឃើញ​ដូច្នោះ ក៏​យក​ទឹក​មក​ប្រោះ​ព្រំ​កុមារី​ទាំង ៣ នាក់​ឱ្យ​មាន​ស្មារតី​ឡើង​វិញ ។

កុមារី​ទាំង ៣ នាក់​លុះ​ដឹង​ស្មារតី​ឡើង​ស្រែក​ទ្រហោ​យំ​ទាំង​អស់​គ្នា ឯ​នាង​បង​ក៏​ចុះ​ទៅ​ចាប់​ត្រី​ក្រឹម​ទន្សាយ និង​រាវ​រក​ខ្យង​ខ្ចៅ​មក​ហែក​ចែក​បង​ប្អូន​ស៊ី​ជំនួស​បាយ​ជានិច្ច​រាល់​ថ្ងៃ ត្រី​និង​ខ្យង​ខ្ចៅ​ចេះ​តែ​មាន​មិន​អស់​ព្រោះ​ទេវតា​និម្មិត​ឱ្យ​កាល​ណា​ថ្ងៃ​ក្ដៅ​ល្អ ស្រង់​មក​ហាល​ថ្ងៃ​ឱ្យ​តែ​ក្រៀម​ៗ វាយ​បំបែក ហែក​ចែក​គ្នា​ស៊ី​ទៅ ។ នាង​បង​និយាយ​កៀក​ក​ប្អូន​លួង​លោម​ថា “’អូន​អើយ ! យើង​ទាំង ៣ នាក់​នេះ​ពុំ​បាន​ជួប​មុខ​ម៉ែ​ទៀត​ទេ ព្រោះ​គាត់​មាន​ប្ដី​ថ្មី​ទៀត បាន​ជា​គាត់​ស្អប់​យើង​ហើយ​រក​រឿង​សម្លាប់​យើង​ចោល យើង​កុំ​សង្ឃឹម​ថា​មាន​ជីវិត​រស់​នៅ​ត​ទៅ​មុខ​ទៀត ណា​មួយ​សំពត់​អាវ​មាន​តែ​មួយ​ម្នាក់​សម្រាប់​ស្លៀក​ដណ្ដប់ ឥឡូវ​នេះ​ដាច់​អស់​ទៅ​ហើយ ត​ទៅ​មុខ​យើង​នឹង​រងា​ឱប​ក្បាល​ជង្គង់​ហើយ នឹង​អាក្រាត​កាយ​នៅ​តែ​ខ្លួន​ទទេ​ដូច​សត្វ​តិរច្ឆាន” ។ អំពី​ពោត​ដែល​នាង​បាន​ដាំ​ជុំ​វិញ​ភ្លឺ ត្រពាំង​នោះ​បាន ៣ ខែ​មាន​ផ្លែ​ចាស់​ខ្ចី សត្វ ជ្រូក ក្ដាន់ ស្វា កំប្រុក ពុំ​ហ៊ាន​ស៊ី​ឡើយ ព្រោះ​អារក្ខ​ទេវតា​តែង​ថែរក្សា នាង​បង​តែង​ទៅ​បេះ​

យក​មក​បរិភោគ​ជា​មួយ នឹង​ត្រី​ក្រឹម​ទន្សាយ​ហើយ​នឹង​ខ្យង​ខ្ចៅ ។ លុះ​បាន ៦ ខែ កុមារី​ទាំង ៣ នាក់​ស្រាប់​តែ​ដុះ​រោម​ចេញ​ពេញ​ខ្លួន ដៃ​សង​ខាង​ដុះ​ចេញ​ទៅ​ជា​ស្លាប​ទទះ​ហើរ​ទៅ​ដល់​ចុង​ឈើ ចាប់​ប្រតោង​បេះ​ផ្លែ​ឈើ​បាន​ទាំង​អស់​គ្នា តែ​ហើរ​ទៅ​ឆ្ងាយ​ពុំ​រួច​ បបូរ​មាត់​ដុះ​ចេញ​ទៅ​ជា​ចំពុះ រឹង​មាត់​និយាយ​ភាសា​មនុស្ស​ពុំ​កើត​គ្រាន់​តែ​ដឹង​ខ្លួន​ថា ខ្លួន​នៅ​ជា​មនុស្ស​តែ​និយាយ​ទៅ​ជា​សំឡេង​សត្វ​តិរច្ឆាន យូរ​ៗ​ទៅ​កាន់​តែ​ហើរ​បាន​ឆ្ងាយ​បន្តិច​ម្ដង​ៗ ព្រោះ​តាំង​ពី​បបូរ​មាត់​ដុះ​ចេញ​ទៅ​ជា​ចំពុះ មិន​ដែល​និយាយ​ភាសា​មនុស្ស​សោះ តែ​បើ​មនុស្ស​និយាយ​ទៅ​រក​នៅ​ស្ដាប់​បាន។

ឯ​ប្ដី​ចុង​របស់​នាង​ជា​ម្ដាយ​នៃ​កុមារី​ទាំង​នោះ តែង​ប្រព្រឹត្ត​អំពើ​ចោរ​កម្ម​ជា​និច្ច ។ ថ្ងៃ​មួយ​មាន​អ្នក​ជិត​ខាង​គេ​ប្ដឹង​ដល់​អ្នក​រាជការ ៗ ក៏​ចាប់​យក​ទៅ​ដាក់​គុក​មួយ​ជីវិត​ទៅ ។

ពេល​នោះ នាង​ជា​ម្ដាយ​ដេក​ព្រួយ​ចិត្ត នឹក​អាណិត​ដល់​កូន​កម្សត់​ទាំង ៣ នាក់​ដែល​ខ្លួន​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ ហើយ​ដើរ​ទៅ​ក្នុង​ព្រៃ​ឃើញ​កូន​នៅ​រញង់​ក្នុង​ខ្ទម​ស្គាល់​ច្បាស់​លាស់​ជា​កូន ព្រោះ​មាន​ទម្រង់​ជា​មនុស្ស​នៅ​ឡើយ តែ​ដុះ​ស្លាប​មាន​ចំពុះ​ដូច​សត្វ​តិរច្ឆាន ក៏​ស្រែក​ហៅ​ថា “កូន​អើយ ! ឥឡូវ​ម្ដាយ​មក​ទទួល​កូន​ទៅ​វិញ ម្ដាយ​លែង​ឱ្យ​កូន​នៅ​ក្នុង​ព្រៃ​ទៀត​ហើយ” ។

កូន​ទាំង ៣ នាក់​ឮ​មាត់​ម្ដាយ​ហៅ ស្គាល់​ជាក់ ជា​ម្ដាយ​ក៏​គិត​គ្នា​ថា “ម៉ែ​យើង​មក​រក​សម្លាប់​ទៀត​ហើយ ត្រូវ​យើង​កុំ​ទុក​ចិត្ត​គាត់ យើង​នាំ​គ្នា​ហើរ​ទៅ​ល្អ​ជាង” គិត​ដូច្នោះ​ក៏​នាំ​គ្នា​ហើរ​ត្រសង​ទៅ​ទំ​លើ​ឈើ​ខ្ពស់ ១ ដើម​ស្រែក​ប្រាប់​មក​ម្ដាយ​ដោយ​បំណង​និយាយ​ថា “យើង​ផុត​និស្ស័យ​ជា​កូន​លោក​ហើយ យើង​ទៅ​ជា​សត្វ​តិរច្ឆាន​ល្អ​ជាង អ្នក​កុំ​មក​ជិត​យើង” ប៉ុន្តែ​សំដី​ដែល​ស្រែក​ប្រាប់​ម្ដាយ​នោះ មិន​ច្បាស់​លាស់​ជា​សំដី​របស់​មនុស្ស​ទេ​ទៅ ជា​ស្រែក​ថា “កូន​លោក​ៗ” ទៅ​វិញ​កាល​បើ​ម្ដាយ​ចូល​ទៅ​ជិត​ក៏​នាំ​គ្នា​ហើរ​ទៅ​ទំ​លើ​ដើម​ឈើ​ដ​ទៃ​ទៀត​ស្រែក​ថា “កូន​លោក​ៗ” ។ ម្ដាយ​ចេះ​តែ​ដើរ​ស្រែក​ហៅ​កូន​ ទាល់​តែ​អស់​កម្លាំង​ដើរ​ពុំ​រួច ណា​មួយ​អស់​អាហារ​បរិភោគ​ផង ក៏​ដួល​ស្លាប់​ទៅ ។

នៅ​ប្រទេស​កម្ពុជា សត្វ​នេះ​វា​តែង​តែ​ហើរ​មក​រើស​ខ្យង​ខ្ចៅ​ស៊ី​តាម​វាល​ស្រែ ក្បែរ​ជើង​ភ្នំ ឬ​ព្រៃ​ស្រោង កាល​ណា​វា​ផ្អើល​នឹង​មនុស្ស ឬ​សត្វ​ដូច​គ្នា​វា​ស្ទុះ​ហើរ ស្រែក​យំ​ឮ​ថា កូន​លោក! កូន​លោក! លុះ​រាត្រី​ស្ងាត់​វា​ថ្ងូរ​មុខ​គួរ​ឱ្យ​ស្រណោះ​ពន់​ពេក ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖