ខេត្តស្វាយរៀង៖ លោក ហេង សំបូរ តែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង, ជំនួសលោក ខៀវ សារឿន ដែលពិធីប្រកាសនិងផ្ទេរតួនាទីនេះធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមអធិបតីលោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងលោកបណ្ឌិតគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានអញ្ជើញចូលរួមប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង និងប្រធានការិយាល័យគយ និងរដ្ឋាករព្រៃវល្លិ៍។
សូមបញ្ជាក់ថា៖ ពិធីប្រកាសនេះ មានការចូលរួមពីលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង, មន្ត្រីរាជការគយ និងរដ្ឋាករ អភិបាលក្រុង-ស្រុក តំណាងកងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរពាក់ពន្ធជាច្រើន រូបទៀត។
អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក នួន ច័ន្ទរិទ្ធ បានថ្លែងថា «ការផ្លាស់ប្តូរ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ។ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែក អ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានល្អប្រសើរ និងត្រូវសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញ ឆ្លងកាត់ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទផងដែរ»។
សូមបញ្ជាក់ថា លោក ហេង សំបូរ ត្រូវបានតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀងជំនួសលោក ខៀវ សារឿន ដែលត្រូវទទួលមុខតំណែងថ្មីជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ និងប្រកាសលោក ចាន់ តារា ជាប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វាយអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សូមរំលឹកថា៖ កន្លងទៅគយខេត្តស្វាយរៀង បានយកប្រជាពលរដ្ឋ ជាជនសុីវិល ធ្វើជាភ្នាក់ងារគយ និងរដ្ឋាករ ចាំយកលុយពីប្រជាពលរដ្ឋដឹកទំនិញ រហូតដល់ប្រតិកម្មពីអ្នករកសុី រួចក៏ស្ងាត់មួយរយៈ៕ ដោយ៖ សិលា