ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងបើកល្បែងបញ្ជល់មាន់ដុះស្លែនៅស្រុកចិត្របុរីត្រូវសមត្ថកិច្ចដុតកម្ទេចចោលហើយ

ចែករំលែក៖

ខេត្តក្រចេះ៖ បនល្បែងអាវាសែភ្នាល់ដាក់លុយខុសច្បាប់ក្នុងនោះមានល្បែងបញ្ជល់មាន់ បៀអាប៉ោងគ្រប់ប្រភេទមួយកន្លែងដែលបានបើកលេងជាយូរឆ្នាំមកហើយនោះត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំដារនិងប៉ុស្តិ៍រដ្ឋបាលឃុំកន្ទួត នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរីចុះបង្រ្កាបដុតកម្ទេចចោលនូវសម្ភារឧបករណ៍លេងជាច្រើនទៀត។

ការចុះបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១២ៈ១៥នាទី
ថ្ងៃទី៥ ​ខែកក្កដា ឆ្នាំ២០២០
នៅត្រង់ចំណុច ក្នុងព្រៃក្រោយភូមិច្រវាឃុំគោលាប់ ស្រុកចិត្របុរី ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ពេលកម្លាំងចុះទៅដល់អ្នកលេងល្បែងសីុសងយ៉ាងងប់ងុលទាំងនោះបានឃេីញសម្ត្ថកិច្ចពីចម្ងាយក៏នាំគ្នាបិតសាប៊ូគូទដំឡើងហ្គែរដាក់កុងទ័រ១២០រត់គេចខ្លួនបាត់អស់ទៅហើយដោយបន្សល់ទុកនៅតែវត្ថុតាង​រួមមាន៖
ម៉ូតូចំនួន១គ្រឿង(សណ្ដោងរ៉ឺម៉ក), កញ្ចក់សម្រាប់ឆ្លុះមុខអ្នកឈ្នះចាញ់មួយផ្ទាំង, អង្រុតសម្រាប់ក្រុងមាន់ជល់សំណព្វចិត្តចំនួន២១, កៅអីជ័រសម្រាប់អ្នកទស្សនានិងអ្នកភ្នាល់ចំនួន៦៣, តុចំនួន២,កង្ហារបក់ចំនួន៤គ្រឿងនិងខ្សែភ្លើងចំនួន១៥០ម៉ែត្រទៀតផង។

វត្ថុតាងទាំងនោះកម្លាំងជំនាញយើងបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ចំណែកទីតាំងសង្វៀននិងតង់ប្រក់ដំបូល សមត្ថកិច្ចក៏បានរុះរេីដុតបំផ្លាញចោលនៅនឹងកន្លែងអស់ហើយដែរ៕
ដោយ ជីវ័ន្ត


ចែករំលែក៖