ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ ពីបទលួចរថយន្តរបស់បុគ្គលិកក្រុមហ៊ុន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលទួលស្វាយព្រៃ២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែង ពីបទលួចរថយន្ដ នៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ ៨៥ABC ផ្លូវលេខ៣៨៨ ក្រុមទី២៦  ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ 

លោក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សឿន លីហេង ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ(ជនសង្ស័យធ្លាប់ប្រើប្រាស់នូវសារធាតុញៀន ចំណែកជនរងគ្រោះឈ្មោះហេង សុគន្ធារិទ្ធ ភេទ ប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤ ផ្លូវលេខ១៣ ភូមិទ្រា៤ សង្កាត់មានជ័យ៣  ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរបុគ្គលិកក្រុមហ៊ុន។

លោកស៉ឹម ពិសិដ្ឋ បានបន្តថា ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតវត្ថុតាងរួមមាន៖ រថយន្ដ១គ្រឿងម៉ាកដុងហ្វេង(DONG FENG) ពណ៌ខៀវ ពាក់ស្លាក់លេខ ភ្នំពេញ 3C -5431 លេខម៉ាស៊ីនC30413353A ហើយសមត្ថកិច្ចបានធ្វើការប្រគល់ឲ្យជនរងគ្រោះ តាមការស្នើរសុំដោយមានការឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។

លោកអធិការខណ្ឌបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ជនសង្ស័យបានដើរចេញម្ដុំផ្សារដើមគរ ក្នុងគោលបំណងទិញបារីជក់ ខណៈពេលដើរដល់ចំនុចមុខផ្ទះកើតហេតុខាងលើ ជនសង្ស័យឃើញរថយន្ដចំហរទ្វារ  ពេលនោះជនសង្ស័យក៏បានឡើងបើកទ្វារចូលក្នុងរថយន្ដ ហើយឃើញសោក៏បញ្ឆេះរថយន្ដបើកចេញទៅមុខ បានប្រហែល៥០ម៉ែត្រ ក៏រេទៅបុកនិងរបងផ្ទះរបស់គេបង្កការភ្ញាក់ផ្អើល ខណ:នោះសមត្ថកិច្ចល្បាតទៅដល់ បានឃាត់ខ្លួនជនសង្ស័យយកមកទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ ដើម្បីធ្វើការសាកសួរតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ អរុណរះ


ចែករំលែក៖