ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលល្បាតពេលយប់ពួនស្ទាក់ឃាត់ខ្លួនព្រោះមានការសង្ស័យលុះពេលសួរនាំទៅទើបធ្លាយរឿងលួចម៉ូតូ២គ្រឿងក្នុងមូលដ្ឋាន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០២០នៅចំណុចមុខផ្ទះលេខ៩៤B តាមផ្លូវលេខ១០៣ ស្ថិតនៅក្នុងភូមិ៤ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនសង្ស័យឈ្មោះ រុន ទីយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ធ្លាប់ប្រើគ្រឿងញៀនរយៈពេលជាង២ឆ្នាំហើយនិងបានសារភាពថាខ្លួនធ្លាប់លួចម៉ូតូចំនួន២គ្រឿងក្នុងដើមខែកក្កដា ឆ្នាំ២០២០នេះ ។
លោក ផន អូន អធិការរងខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា មុនកើតហេតុនគរបាលប៉ុស្តិ៍បានសហការជាមួយកម្លាំងនគរបានព្រហ្មទណ្ឌល្បាតក្នុងភូមិសាស្រ្តដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ស្រាប់តែជួបប្រទះជនសង្ស័យខាងលើហើយក៏ឆែកត្រួតពិនិត្យរកឃើញឧបករណ៍សម្រាប់កាច់កម៉ូតូក៏នាំយកមកប៉ុស្តិ៍ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យកបានឆ្លើយសារភាពថា ខ្លួនធ្លាប់លួចម៉ូតូហុងដាគុបជ្រុងពណ៌ទឹកប៊ិកមិនចាំស្លាកលេខ(ដោះបោះចោល)លួចនៅផ្លូវលេខ៤៦៨ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន មិនចាំថ្ងៃខែ និងម៉ូតូមួយគ្រឿងទៀតម៉ាកស្គូពីពណ៌សពាក់ស្លាកលេខ១HY-០៧៩២លួចនៅផ្លូវលេខ១៥៥ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមននៅក្នុងអំឡុងដើមខែកក្កដា។មុនកើតហេតុខ្លួនបម្រុងដើរលួចទៀតក៏ត្រូវនគរបាលប្រទះឃើញឃាត់ខ្លួនបានតែម្ដងទៅ។
ជនសង្ស័យរូបនេះបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា ម៉ូតូពេលលួចបានរូបគេដោះគ្រឿងទៅលក់យកលុយទិញថ្នាំញៀនហើយម៉ូតូខ្លួនភ្លេចមិនដឹងទុកនៅទីណាទេ។នគរបាលយើងបានបង្ហាញម៉ូតូដែលប្រជាពលរដ្ឋប្រទះឃើញទុកចោលនៅក្នុងដីឡូត៍នោះជនសង្ស័យឆ្លើយថាពិតជាម៉ូតូដែលខ្លួនធ្លាប់លួចកន្លងមកមែន ។
លោកអធិការបន្តថាម៉ូតូ២គ្រឿងម៉ាកស្គូពីពណ៌សពាក់ស្លាកលេខភ្នំពេញ១HY-០៧៩២និងម៉ូតូគុបមូល
ពណ៌ទឹកប៊ិកគ្មានស្លាកលេខនេះនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានល្បាតឃើញគេប្លុងចោលនៅដីឡូត៍ទុកចោលមួយកន្លែងកាលពីថ្ងៃទី៣និងថ្ងៃទី៤ក្នុងខែកក្ដដានេះ ។
បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ចំណែកម៉ូតូ២គ្រឿងសមត្ថកិច្ចនិឹងស្រាវជ្រាវរកម្ចាស់ដើម្បីបន្ថែមបន្ទុកលើជនសង្ស័យឱ្យធ្ងន់បន្ថែមទៀត ៕