ខេត្តសៀមរាប៖ ក្នុងស្មារតីចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទានទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្តជាមួយអាជ្ញាធរជាតិអប្សរា ម្ចាស់ភោជនីយដ្ឋានចំនួន៤ខ្នងបានរុះរើដោយស្ម័គ្រចិត្ត ។ នេះបើយោងតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ។
លោក ញៀន ទឿម ម្ចាស់ភោជនីយដ្ឋាន «នារីខ្មែរអង្គរ» ដែលបានបើកបម្រើសេវាកម្មម្ហូបអាហារនិងភេសជ្ជៈជូនភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១០ឆ្នាំមកនោះ បានយល់ស្រប ពេញចិត្តចូលរួមរុះរើទីតាំងជូនអាជ្ញាធរជាតិអប្សរារៀបចំសណ្តាប់ធ្នាប់ ហេដ្ឋារចនាសម្ពន្ធ និងកែលម្អមុខប្រាសាទអង្គរវត្តឱ្យស្រស់ស្អាតជាងមុន។ លោក ក៏បានសម្តែងការសោកស្តាយដែរ តែដើម្បីប្រយោជន៍រួម គឺត្រូវលះបង់ ព្រោះអាជ្ញាធរជាតិអប្សរា ក៏បានប្រគល់ទីតាំងថ្មីមួយសម្រាប់លោកលក់ដូរនៅក្នុងទីលានបដិសណ្ឋារកិច្ចវិញដែរ។
ម្ចាស់ភោជនីយដ្ឋាន «នគររាជ» អ្នកស្រី លី សាវេត ដែលបានប្រកបរបរភោជនីយដ្ឋានជាង២០ឆ្នាំមកហើយបានលើកឡើងថា ខ្ញុំសោកស្តាយក៏សោកស្តាយ ព្រោះធ្លាប់ជាទីតាំងរកចំណូលចិញ្ចឹមជីវិត ធ្លាប់មានអនុស្សាវរីយ៍ច្រើន តែជាកាតព្វកិច្ចខ្ញុំត្រូវចូលរួមលះបង់ដើម្បីអង្គរម្តង ព្រោះអង្គរក៏បានផ្តល់ស្នាមញញឹម ផលកម្រៃ សុភមង្គលសម្រាប់ការរស់នៅរបស់ខ្ញុំច្រើនមកដែរ។ អ្នកស្រីក៏ត្រេកអរចំពោះការរៀបចំសោភ័ណភាពមុខអង្គរវត្ត និងការអនុវត្តច្បាប់រុះរើដោយស្មើភាពគ្នា ហើយលោកស្រីសង្ឃឹមថា ក្រោយការរៀបចំអង្គរវត្ត កាន់តែស្រស់ស្អាតប្លែក ហើយភ្ញៀវទេសចរនឹងកើនឡើងច្រើនពេលជំងឺកូវីដ១៩បានបញ្ចប់។
ជាមួយនឹងការស្ម័គ្រចិត្តររើផ្ទះដោយខ្លួនឯង របស់ពលរដ្ឋខាងលើនេះដែរ លោក យិត ចាន់ដារដ្ឋ អគ្កនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់ម្ចាស់អាជីវកម្មទាំងអស់ដែលបានយល់ដឹងនិងចូលរួមសហការជាមួយអាជ្ញាធរជាតិអប្សរាឱ្យដំណើរការការងារយ៉ាងរលូន។ នៅចុងខែសីហានេះ អាជីវករនឹងអាចចូលទៅលក់ដូរនៅក្នុងទីលានបដិសណ្ឋារកិច្ចដែលកំពុងសាងសង់បាន៧០% ហើយក្រុមការងារនឹងបន្តការរុះរើសំណង់ផ្សេងៗទៀតដែលមានការស្ម័គ្រចិត្តពីម្ចាស់រហូតដល់អស់ពីមុខក្នុងពេលដ៏ខ្លី។
លោក បញ្ជាក់បន្ថែមថា ចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់ខែកក្កដានេះ មានតូបលក់ដូរ ភោជនីយដ្ឋានធំៗចំនួន១១ខ្នងហើយដែលម្ចាស់បានស្ម័គ្រចិត្តរុះរើ ចេញដោយខ្លួនឯង ៕
ដោយ៖សូរិយា