ខេត្តប៉ៃលិន៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង លោក ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកនូវទៀនព្រះវស្សាគ្រឿងឧបភោគបរិភោគនិងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាទូទាំងខេត្តប៉ៃលិន ចំនួន ៣២វត្ត និង១អាស្រម។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនទន្ទឹមគ្នា ជាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធារបានចូលរួមកសាងទីវត្តអារាមឱ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។
លោកអភិបាលខេត្តបានមាន ប្រសាសន៍ឱ្យដឹងថា៖ការចូលកាន់ព្រះវស្សារបស់ព្រះសង្ឃក្នុងពុទ្ធសាសនាមានសារ:សំខាន់និងជាអំឡុងពេលដ៏សំខាន់ដើម្បីឲ្យភិក្ខុសាមណេរបានសិក្សារៀនសូត្រព្រះបរិយត្តិធម៌និងបដិបត្តិធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធប្បញ្ញត្តិរយៈពេល០៣ខែចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជហើយការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគបរិភោគនិងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះគឺដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះនិងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
ជាមួយគ្នានោះ លោក ផាន់ ចាន់ធុល ក៍បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវនិងត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩កុំអោយកើតមានក្នុងគ្រួសារនិងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
សូមបញ្ជាក់ថា៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាទូទាំងខេត្តប៉ៃលិន ចំនួន ៣២វត្ត និង១អាស្រម ដោយក្នុង១វត្តៗទទួលបាន ទៀនព្រះវស្សា ០១ គូ និងទេយ្យវត្ថុមាន អង្ករ ៥០kg ទឹកបរិសុទ្ធ ១កេស , ទឹកផ្លែឈើ ១កេស, មី ១កេះ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ និងបច្ច័យ ចំនួន ២០ម៉ឺនរៀល ក្នុងនោះវត្តចំនួន៣ គឺវត្តកោងកាង, វត្តប៉ាហ៊ី និងវត្តអូរច្រា គឺទទួលបានទៀនព្រះវស្សា ០១ គូ និងទេយ្យវត្ថុមាន អង្ករ ១០០kg ទឹកបរិសុទ្ធ ២កេស , ទឹកផ្លែឈើ ២កេស មី ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២យួរ និងបច្ច័យ ចំនួន ៤០ម៉ឺនរៀល និងយាយជីតាជី ចំនួន១០០នាក់ ក្នុងម្នាក់ ថវិកា ១ម៉ឺនរៀល ៕ដោយ៖ស សារ៉េត