ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៣ តាមរយៈប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖  កិច្ចប្រជុំនេះបានដឹកនាំដោយសហប្រធាន លោកPham Binh Minh ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក MOTEGI Toshimitsu  រដ្ឋមន្រ្តីការបរទេសជប៉ុន កាលពី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៣ តាមរយៈ ប្រព័ន្ធវីដេអូ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ   

ប្រកាសព័ត៌មាន ខាងលើបានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសបានកត់សម្គាល់ប្រកបដោយការពេញចិត្ត ចំពោះវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនលើវិស័យសុខាភិបាល ដែលក្នុងនោះរួមមានការត្រៀមខ្លួនឆ្លើយ​តប​ទៅ​និង ជំងឺរាតត្បាត។

 រដ្ឋមន្រ្តីនៃបណ្តាប្រទេសមេគង្គបានកោតសរសើរចំពោះការបន្តគាំទ្រ របស់ជប៉ុននៅក្នុងតំបន់មេគង្គ ក្នុងការផ្តល់ជំនួយដើម្បីធានាបាននូវប្រព័ន្ធថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព និងភាពរឹងមាំ តាមរយៈគំនិតផ្តួចផ្តើមចំនួន០២៖

ទី១-ជំនួយដែលមានទឹកប្រាក់ចំនួន ៥៦លានដុល្លារ អាមេរិក របស់ជប៉ុន ប្រើប្រាស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​បចេ្ចកទេសសម្រាប់ក្រុមបុគ្គលិកគ្រូពេទ្យ និង​ការផ្តល់បរិក្ខារវេជ្ជសាស្ត្រជូន​មន្ទីរពេទ្យ និងស្ថាប័នវេជ្ជសាស្ត្រដទៃទៀត ។

ទី២-បំណងរបស់ជប៉ុនក្នុងការផ្តល់ជំនួយបន្ថែមទៀត ដែលមានទឹកប្រាក់ប្រមាណ ៥០លានដុល្លារអាមេរិក តាមរយៈការផ្តល់ជំនួយជាបរិក្ខារវេជ្ជសាស្ត្រ ដើម្បីពង្រឹងការត្រៀមខ្លួន ​និងឆ្លើយតប​ទៅនឹងជំងឺឆ្លង និងការបណ្តុះបណ្តាល​​​បច្ចេកទេសរបស់ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន (JICA) ស្រប​តាមតម្រូវការរបស់បណ្ដាប្រទេសមេគង្គនីមួយៗ។ 

រដ្ឋមន្រ្តីការបរទេស បានស្វាគមន៍ចំពោះការបង្កើត៖ (១) មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ ផ្នែកសុខភាពសាធារណៈ និងជម្ងឺដែលកំពុងកើតមាន (២) មូលនិធិអាស៊ាន សម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩ និង (៣) ការស្តុកបម្រុង​​ថ្នាក់តំបន់នៃ​គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ភាពអាសន្នផ្នែកវេជ្ជសាស្ត្រ ក្នុងគោលបំណងឆ្លើយតបឱ្យបានឆាប់រហ័ស ដើម្បី​ពង្រឹងការការពារ ការរកឲ្យ​ឃើញ ការគ្រប់គ្រង និងការឆ្លើយតបទៅនឹង​ជំងឺឆ្លង​នានា ក្នុងពេលអនាគត។

ពាក់ព័ន្ធនឹងការពង្រឹង​នូវទំនាក់ទំនងសេដ្ឋកិច្ចមេគង្គ-ជប៉ុន ក្រោយទទួលបានជោគជ័យ​លើជំងឺកូវីដ-១៩​ រដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការអនុវត្តជំនួយឥតសំណងសម្រាប់គម្រោងសុវត្ថិភាពប្រជាជនថ្នាក់មូលដ្ឋានឆ្នាំ២០២០ ក្រោមគំនិតផ្តួចផ្តើមគូសាណូណិមេគង្គសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមាន​ទឹកប្រាក់​សរុបចំនួន ១ប៊ីលានយ៉េន ដែល​រៀបចំឡើងក្នុងគោលបំណង​ទ្រទ្រង់ការអភិវឌ្ឍ​សេដ្ឋកិច្ច ​និង​សង្គម ​នៅតាមភូមិស្រុក ថ្នាក់មូលដ្ឋានទូទាំងតំបន់មេគង្គ។ 

ក្នុងអំឡុងពេលនៃកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនេះ លោក ឧបនាយករដ្ឋមន្រ្តី បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកឈ្នះលើវិបត្តិជាសកលកូវីដ១៩ តាមរយៈគំនិត ផ្តួចផ្តើម “កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩” ដែលមានទឹកប្រាក់សរុបចំនួន ១២៥លានដុល្លារអាមេរិក សម្រាប់ផែនការរយៈពេល ០៥ខែ ក្នុងការទ្រទ្រង់ប្រជាជនក្រីក្រ និងងាយរងគ្រោះ។ 

លោកឧបនាយករដ្ឋមន្រ្តី បានបន្តរំលឹកឡើងវិញ នូវការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដោយបានជំរុញឲ្យថ្នាំព្យាបាល និងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្លាយជាទំនិញសាធារណៈ ពិភពលោក ដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់បាន។ ចំពោះបញ្ហាតំបន់ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់សារជាថ្មីនូវការគាំទ្រយ៉ាងមុត​មាំ​​របស់កម្ពុជាចំពោះការបង្កើត “មជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ ផ្នែកសុខភាពសាធារណៈ និងជម្ងឺដែលកំពុងកើតមាន” ដែលនឹងក្លាយ​ជាយន្តការចំបងក្នុងការពង្រឹងនីតិវិធីនៃការ​ការ​ពារ ការរកឲ្យ​ឃើញ​ ការគ្រប់គ្រង និងការឆ្លើយតបទៅនឹងជំងឺឆ្លងក្នុងពេល​អនាគត ព្រមទាំងបញ្ជាក់ពីគោលបំណងរបស់កម្ពុជាក្នុងការទទួលធ្វើជាប្រទេសម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលនេះ។

កិច្ចប្រជុំនេះ បានអនុម័តលើ “សេចក្តីប្រកាសសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ- ជប៉ុនលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដើម្បីសម្រេច​បាននូវការគ្របដណ្តប់សុខភាពជាសកល​ និងការពង្រឹងឲ្យបានទាំងស្រុងនូវទំនាក់ទំនងសេដ្ឋកិច្ច” ដែលផ្តោតទៅលើសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការគ្រប់គ្រង និងទប់ស្កាត់ ទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត ការដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតលើសង្គម និងសេដ្ឋកិច្ច ព្រមទាំងការពន្លឿនការស្តារសេដ្ឋកិច្ច​ឡើងវិញ ​បន្ទាប់ពីការទទួលជោគជ័យលើជំងឺកូវីដ-១៩​៕

ដោយ៖ហេង សូរិយា


ចែករំលែក៖