ព័ត៌មានទាន់ហេតុការណ៍៖

សំណុំរឿងសិប្បកម្មលីងកាហ្វេនិងសណ្ដែកយីហោ ថុន ណាត បានបញ្ជូនដល់តុលាការហើយ តែម្ចាស់ទីតាំងរស់នៅក្រៅសំណាញ់ច្បាប់

ចែករំលែក៖

ខេត្តកណ្តាល៖ សំណុំរឿងសិប្បកម្មលីងកាហ្វេនិងសណ្ដែកយីហោ ថុន ណាត ដែលកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះត្រួតពិនិត្យនិងធ្វើការបិទទីតាំងដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមនោះពេលនេះបានបញ្ជូនដល់សាលាដំបូងខេត្តកណ្តាលហើយ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។ ដោយឡែកម្ចាស់ទីតាំងសមត្ថកិច្ចមិនទាន់ធ្វើការឃាត់ខ្លួន និងបញ្ជូនមកតុលាការនៅឡើយទេ ពោលគឺរស់នៅក្រៅសំណាញ់ច្បាប់។

ចំពោះសំណុំរឿងដែលតុលាការចាត់តាំងឱ្យតំណាងអយ្យការកំពុងចាត់ការបន្តនោះគឺមិនទាន់បានទំនាក់ទំនងនៅឡើយទេ ដោយអ្នកនាំពាក្យអយ្យការមិនទាន់មានការឆ្លើយតប។

គួររំលឹកថា៖ នៅថ្ងៃទី២ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង១០និង១០នាទីព្រឹក កម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដឹកនាំដោយលោកឧត្តមសេនីយ៍ឯក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយមានការសម្របសម្រួលនីតិវិធីពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះត្រួតពិនិត្យនិងបិទទីតាំងសិប្បកម្មលីងកាហ្វេនិងសណ្ដែកយីហោឈ្មោះថុន ណាត ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។

ទីតាំងសិប្បកម្មលីងកាហ្វេនិងសណ្ដែក យីហោ ថុន ណាត នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលនេះម្ចាស់ទីតាំងមានឈ្មោះថុន ណាត ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរម្ចាស់សិប្បកម្ម នៅភូមិ-ឃុំខាងលើ។

ក្នុងការត្រួតពិនិត្យនោះកម្លាំងសមត្ថកិច្ចបានរកឃើញមានគ្រាប់សណ្ដែកសៀងចំនួន៦០បាវ, គ្រាប់កាហ្វេលេខ១ចំនួន៦បាវ, គ្រាប់កាហ្វេលេខ២ចំនួន១០បាវ, កាហ្វេលីងរួចចំនួន៦បាវ, ម៉ាស៊ីនលាយបឺរចំនួន១គ្រឿង,ម៉ាស៊ីនលាយស្ករចំនួន១គ្រឿង,កាហ្វេច្រកជាកញ្ចប់រួចចំនួន៣០កញ្ចប់, បឺរ, មេក្លិនសម្រាប់លាយកាហ្វេចំនួន១២ធុង ទឹកត្រីចំនួន៣ប៊ីដុង, ស្រាសចំនួន១កាន,

កាហ្វេផលិតរួចចំនួន១៤កញ្ចប់(កាហ្វេខ្មែរធម្មជាតិ)។

ក្រោយពីពិនិត្យរួចគណៈកម្មការចម្រុះរកឃើញមានកំហុសដូចខាងក្រោម៖

មិនមានលើកស្លាកយីហោ មិនទាន់បានយកទៅចុះបញ្ជីផលិតផល គ្មានវិញ្ញាបនប័ត្រត្រួតពិនិត្យគុណភាព នៅលើសំបកវេចខ្ចប់កាហ្វេមិនមានដាក់អាសយដ្ឋាន និងរបៀបប្រើប្រាស់ នៅលើសំបកវេចខ្ចប់កាហ្វេដាក់កាហ្វេសុទ្ធ១០០% ទីតាំងគ្មានអនាម័យ។

លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានប្រាប់ឱ្យដឹងថា មុននិឹងឈានដល់ការចុះត្រួតពិនិត្យកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវអស់រយៈពេលជាយូរថ្ងៃមកហើយ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ។ 

លោកបានបន្តទៀតថា ចំពោះទីតាំងសិប្បកម្មលីងកាហ្វេនិងសណ្ដែកខាងលើនេះ បង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ច្រើនណាស់ ដោយម្ចាស់ទីតាំងផលិតនេះ បានលាយគ្រឿងផ្សំជាច្រើនមុខធ្វើឱ្យកាហ្វេឈ្ងុយ មានលាយទឹកស៊ីអីវ បឺរ ទឹកស្ករcaramel មេក្លិនសម្រាប់លាយកាហ្វេ ល័ក្តពណ៌ ស្ករស អំបិល ទឹកត្រី ស្រាស ប៊ីចេង ទឹកដោះគោ និងសណ្ដែកសៀង។

ដោយឡែកលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានឱ្យដឹងដែរថា ម្ចាស់ទីតាំងត្រូវបានឃាត់ខ្លួនយកទៅសាកសួរ បើរកឃើញថាមានកំហុសពិតប្រាកដមែននឹងចាត់ការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ៕

ដោយ៖ឆ ដា


ចែករំលែក៖