ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះចម្បាំង F-35B ៤២គ្រឿង របស់សហរដ្ឋអាមេរិកអាចនឹងលក់ឲ្យទៅប្រទេសជប៉ុន

ចែករំលែក៖

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១០ខែកក្កដា ឆ្នាំ២០២០នេះថា ក្រសួងការបរទេសអាមេរិក បានយល់ព្រមលក់យន្តហោះចម្បាំងស៊េរី F-35 ទៅឲ្យជប៉ុន ក្នុងនោះក៏មានប្រភេទ F-35B ចំនួន ៤២គ្រឿង ប៉ុន្តែវាត្រូវរង់ចាំការសម្រេចពីសភាសិនតាមរយៈលិខិតដែលផ្ញើដោយ DSCA ការលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខការពារជាតិអាមេរិក ឬហៅកាត់ថា DSCA នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបញ្ជូលលិខិតមួយច្បាប់ទៅកាន់ សភាអាមេរិក ដើម្បីពន្យល់អំពីគម្រោងលក់យន្តហោះចម្បាំងស៊េរីF-35 ទៅឲ្យជប៉ុន

គួរបញ្ជាក់ថា យន្តហោះចម្បាំងពិសេសប្រភេទ F-35B ដែលអាចចុះចតនិងហោះឡើងជាលក្ខណៈបញ្ឈរ ដែលអាចជួយដល់សកម្មភាពប្រយុទ្ធនៅក្នុងសមរភូមិកាន់តែខ្លាំងក្លា ជាមួយនិងកិច្ចសហប្រតិបត្តិការ រវាងនាវាចម្បាំង។ ក្រៅពីការបញ្ជាទិញ F-35B ប្រទេសជប៉ុនក៏បានស្នើសុំទិញF-35A ចំនួន ៦៣គ្រឿង និងសព្វាវុធមួយចំនួនថែមទៀតដែរ។ នៅក្នុងលិខិតរបស់ DSCA ទៅកាន់សភាបានបញ្ជាក់ថាការសម្រេចលក់យន្តហោះចម្បាំងខាងលើនេះ គឺជាផលប្រយោជន៍ជាតិដ៏សំខាន់ និងជាការជួយដល់ជប៉ុនដែលជាសម្ព័ន្ធមិត្ត ឲ្យមានសមត្ថភាពខ្លាំងជាងមុន លើវិស័យការពារជាតិ។

សូមជម្រាបថា ក្នុងចំណោមយន្តហោះស៊េរី F-35 យន្តហោះចម្បាំងលំដាប់F-35B ក្នុងមួយគ្រឿងមានតម្លៃជាង ១១៥លានដុល្លារ ខណៈ F-35A វិញមានតម្លៃជិត ៨០លានដុល្លារក្នុងមួយគ្រឿង និង F-35C មានតម្លៃជាង១០៨លានដុល្លារ ដែលទាំងនេះសុទ្ធសឹងជាផលិតផលរបស់ក្រុមហ៊ុន ឡុកឃីដម៉ាទីន (Lockheed Martin)៕ដោយ៖ស តារា


ចែករំលែក៖