ខេត្តបាត់ដំបង៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៨,០៦៩,០៦ ក្រាម និងប្រភេទមេតំហ្វេតាមីន (WY) ចំនួន ៦១,៩៧៨ គ្រាប់ ដែលបានមកពីការបង្រ្កាបក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលពេញមួយឆ្នាំក្នុងភូមិសាស្ត្រខេត្តចំនួន៤ គឺ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង ខេត្តប៉ៃលិន ត្រូវបានដុតបំផ្លាញចោល។
ពិធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ដែលត្រូវបានរឹបអូសតាមសេចក្តីសម្រេចរបស់សាលាដំបូងខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ និងប៉ៃលិន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណៈអភិបាលខេត្តទាំង៤ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទាំង៤ រួមជាមួយនឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាយរិទ្ធ ស.ស.យ.ក រួមជាមួយនឹងប្រជាពលរដ្ឋជាច្រើននាក់ទៀត។
តាមរបាយការណ៍របស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងជាតំណាងសាលាដំបូងទាំងបីផ្សេងទៀតបានលើកឡើងថា គ្រឿងញៀនដែលបានយកមកដុតបំផ្លាញក្នុងពិធីនេះគឺមានប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៨,០៦៩,០៦ ក្រាម និងប្រភេទមេតំហ្វេតាមីន (WY) ចំនួន ៦១,៩៧៨ គ្រាប់ ដែលបានមកពីការបង្រ្កាបក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលពេញមួយឆ្នាំក្នុងភូមិសាស្ត្រខេត្តចំនួន៤ គឺ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន។
ថ្លែងនៅក្នុងពិធីនោះ លោក កើត រិទ្ធ បានមានប្រសាសន៍ថា “ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ វិធានច្បាប់ ផែនការកម្មវិធី និងយុទ្ធនាការមានប្រសិទ្ធភាពនានា សំដៅប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ”។
លោកបានបន្តថា “ការរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នាពេលនេះ មិនត្រឹមតែជាការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននោះទេ ប៉ុន្តែបានផ្តល់ជានិមិត្តរូបនៃការចូលរួមប្រកបដោយឆន្ទៈមោះមុត ច្បាស់លាស់ និងស្មារតីទទួលខុសត្រូវខ្ពស់ របស់ស្ថាប័នតុលាការ និងអាជ្ញាធរអនុវត្តច្បាប់ពាក់ព័ន្ធដទៃទៀត”។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះអភិបាលខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា រួមជាមួយនឹងមន្ត្រី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់ខេត្តទាំង៤ ដែលបានខិតខំសហការ ពុះពារយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួនឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានលើកទ្បើងអំពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀនទៅលើបុគ្គលផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ហើយបានអំពាវនាវ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងនិយាយថា “ទេ” ចំពោះគ្រឿងញៀន៕
ដោយ៖សិលា