ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យគម្រោងលំហាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យគម្រោងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ រួមដំណើរដោយលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ។
គម្រោងលំហាច ជាអនុគម្រោងមួយ ក្នុងចំណោមអនុគម្រោងទាំង ៦ នៃគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ក្រោមហិរញ្ញប្បទានសម្បទានរបស់ប្រទេសជប៉ុន ។ គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមីនា ឆ្នាំ ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ ២០២០ ។ គិតមកដល់ថ្ងៃនេះ ការងារសម្រេចបានប្រមាណ ៨៤,៧ % លើទំហំការងារសរុបរបស់គម្រោង ។
ទំហំការងារដែលបាន និងកំពុងអនុវត្ត រួមមាន ៖
១- សំណង់ក្បាលហុងទឹក (Headworks) ចំនួន ០១ កន្លែង សម្រេចបានប្រមាណ ៩៨ % ។
២- សំណង់នាំទឹក (Intake) ចំនួន ០១ កន្លែង សម្រេចបាន ១០០ % ។
៣- សាងសង់ប្រឡាយមេបេតុង ចំនួន ០១ ខ្សែ ស្មើនឹងប្រវែង ១៦,៤០ គីឡូម៉ែត្រ សម្រេចបាន ៧០ % ។
៤- សាង់សងប្រឡាយថ្នាក់ទី ២ បេតុង ចំនួន ១៣ ខ្សែ ស្មើនឹងប្រវែង ៤២,៥០ គីឡូម៉ែត្រ ។
៥- សាងសង់ប្រឡាយដោះទឹក ចំនួន ១៥ ខ្សែ ស្មើនឹងប្រវែង ៥២,៩០ គីឡូម៉ែត្រ សម្រេចបាន ៨៥ % ។
៦- សាងសង់ប្រឡាយថ្នាក់ទី ៣ ចំនួន ៩៤ ខ្សែ ស្មើនឹងប្រវែង ៦២ គីឡូម៉ែត្រ សម្រេចបាន ១០០ % ។
៧- សាងសង់សំណង់សិល្បការសរុបចំនួន ៥៥៧ កន្លែង សម្រេចបានប្រមាណ ៩៧ % ។
៨- សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១ កន្លែង សម្រេចបាន ១០០ % ។
បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ អនុគម្រោងលំហាច អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣.២៨៩ ហិកតា ។

លោករដ្ឋមន្ត្រីបានជម្រាបជូននូវអ្វី ដែល​ជាលក្ខណៈ​បច្ចេកទេស​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ ដែល​ក្រសួង​ បាន​ និងកំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន​ទៅ​តាម​ស្ថានភាព​ភូមិ​សាស្ត្រ​ជាក់ស្ដែង​ ដូចជា​អនុគម្រោងលំហាចនេះជាដេីម​ គឺជាសំណង់ប្រព័ន្ធធារាសាស្រ្តថ្មីមួយទៀតដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ​ ដែលមិនត្រឹមតែសម្រាប់បម្រើឲ្យការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ១ ពាន់គ្រួសារ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ទឹកផុស និងស្រុករលាប្អៀររបស់ខេត្តកំពង់ឆ្នាំង ក៏បានទទួលផលពីអនុគម្រោងនេះ ផងដែរ ។ ជាមួយ​គ្នា​នេះ​ លោក​រដ្ឋមន្រ្តី​ ក៏​បាន​ផ្តល់​អនុសាសន៍​ដល់ក្រុមការងារឲ្យ​ស្វះស្វែង​រក​មេីល​ការ​ងារ​ណា​ ដែល​ប្រេីប្រាស់​សាច់​ប្រាក់​ពលកម្ម​ សម្រាប់​ផ្តល់​ការងារ​ជូន​ដល់​កម្មករ​ កម្មការិនី​ ដែល​ពុំ​មាន​ការងារ​​ធ្វើ​ដេីម្បី​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​តំណាក់កាល​ជម្ងឺ​កូវីដ-១៩​នេះ​ ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ ។

សមិទ្ធផលទាំងអស់នេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្តើមពីការស្តារ មកកសាង និងអភិវឌ្ឍន៍ ហើយឈានទៅធ្វើការពង្រីក និងពង្រឹងសមត្ថភាពគ្រប់គ្រងទឹក ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយដល់គោលនយោបាយជាតិ ស្តីពីសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រនាំស្រូវ អង្ករចេញរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលជានិច្ចកាលតែងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់វិស័យ និងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារអនុវត្តគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប មន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជាមួយនឹងលទ្ធផលការងារដែលសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក និង​សូមប្រកាន់​ខ្ជាប់​នូវ​អនាម័យ​ តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ ចំពោះ​រលក​ទី​ ២​ នៃ​ជម្ងឺ​កូវីដ-១៩​ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖