ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានពន្ធនាគារ៖​ បំភ្លឺ​ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ចោទប្រកាន់លើ លោកអភិសន្តិបណ្ឌិត ស សុខា ថា “គាបសង្កត់ មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋានដើម្បីរកលុយឱ្យខ្លួនក្នុងពេលបំពេញការងារ

ចែករំលែក៖

ភ្នំពេញ​៖​ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដែលបានរំលេចត្រង់ចំណុចទី១ ដោយបាន ចោទប្រកាន់លើ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា “គាបសង្កត់ មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋានដើម្បីរកលុយឱ្យខ្លួនក្នុងពេលបំពេញការងារ និងប្រព្រឹត្តិបទល្មើសជាប្រព័ន្ធ ក្នុងការការពារឧក្រិដ្ឋជនខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

ឆ្លើយតបនឹងខ្លឹមសារខាងលើនេះ ក្នុងនាម ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន បែបស្រមើ ស្រមៃរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ លោកអភិសន្តិបណ្ឌិត រួមទាំងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និយាយជារួម និងនិយាយដោយឡែក ប៉ះពាល់ដល់ អគ្គនាយកដ្ឋានពន្ធនាគារ។ ក្នុងន័យនេះ អគ្គនាយដ្ឋានពន្ធនាគារ បានត្រៀមរួចរាល់ដើម្បីចូលរួមក្នុងការចាត់ វិធានការតាមផ្លូវច្បាប់ប្រឆាំងតបនឹងបុគ្គលឈ្មោះ ហេង សិទ្ធី នេះ ដើម្បីឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ នូវអ្វីដែលបុគ្គលរូបនេះ បានលើកឡើងទាំងបំពាន និងគ្មានមូលដ្ឋានច្បាស់លាស់។

ផ្ទុយពីការចោទប្រកាន់ខាងលើនេះ ក្នុងនាម ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ សូមធ្វើការ កោតសរសើរអស់ពីដួងចិត្តចំពោះការលះបង់គ្រប់បែបយ៉ាង ទាំងពេលវេលា ធនធានផ្ទាល់ខ្លួន និងបញ្ញាស្មារតី របស់លោកអភិសន្តិបណ្ឌិត និងក្រុមគ្រួសារ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក ឯកឧត្តមអភិសន្តិបណ្ឌិត បានដឹកនាំវិស័យការងារក្រសួងមហាផ្ទៃទទួលបានលទ្ធផលគួរជាទី មោទនភាព ទាំងផ្នែកទន់ និងផ្នែករឹង ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ជាក់ស្តែង សម្រាប់វិស័យពន្ធនាគារ លោកអភិសន្តិបណ្ឌិត និងលោកស្រី តែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្ត្រីពន្ធនាគារ និងជនជាប់ឃុំ ជាពិសេសថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធនាគារបានទទួលនូវអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាននូវគំនិតផ្តួចផ្តើម សាងសង់ភូមិកុមារនៅមណ្ឌលអប់រំកែប្រែទី២ សម្រាប់អប់រំ និងថែទាំកុមារតាមម្តាយរស់នៅក្នុងពន្ធនាគារ។

សេចក្តីដូចបានបដិសេធ និងបំភ្លឺខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមកុំជឿតាម ខ្លឹមសារដែលបានចោទប្រកាន់បែបមូលបង្កាច់ដោយគ្មានមូលដ្ឋានរបស់បុគ្គលឈ្មោះ ហេង សិទ្ធី៕

ដោយ​៖ តារា


ចែករំលែក៖