ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនព្រួយបារម្ភអំពីមីស៊ីលលឿនជាងសំឡេងរបស់កូរ៉េខាងជើង ដែលសាកល្បងបានជោគជ័យ

ចែករំលែក៖

ការបាញ់បង្ហោះកាំជ្រួចដែលគេជឿថាជាមីស៊ីលលឿនជាងសំឡេងដោយកូរ៉េខាងជើងកាលពីថ្ងៃទី 6 ខែមករាភ្លាមៗបានបង្កឱ្យមានការព្រួយបារម្ភនិងផ្តោតការយកចិត្តទុកដាក់ជាពិសេសរបស់ជប៉ុនដែលជាប្រទេសស្ថិតក្នុងជួរកាំជ្រួចពីកូរ៉េខាងជើង។ទោះបីជាមីស៊ីលកូរ៉េខាងជើងបានធ្លាក់នៅក្នុងតំបន់មួយនៅខាងក្រៅដែនទឹករបស់ជប៉ុនក៏ដោយ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានអំពីការបាញ់នេះ ភ្នាក់ងារពាក់ព័ន្ធនៃក្រសួងការពារជាតិជប៉ុនបានចាប់ផ្តើមប្រមូលព័ត៌មានភ្លាមៗអំពីការខូចខាតដែលមីស៊ីលនេះមានសមត្ថភាពបង្កឡើង ហើយបាននិយាយថា នឹងតាមដានរាល់សកម្មភាពរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
ជាមួយគ្នានេះដែរ សារព័ត៌មាន Reuters បានដកស្រង់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នាថ្ងៃអង្គារ ទី៧ ខែមករានេះថា មេដឹកនាំកំពូល នៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្តដោយជោគជ័យ នៃមីស៉ីលបាលិស្ទីគថ្មីមួយ ដែលមានល្បឿនលឿនជាងសំឡេង និងរយៈចម្ងាយឆ្ងាយ ឬ IRBM កាលពីថ្ងៃចន្ទម្សិលមិញ។
KCNA បាននិយាយថា មីស៉ីលខាងលើត្រូវបានបាញ់ចេញពី ជាយរដ្ឋធានីព្យុងយ៉ាង ហើយហោះបានចម្ងាយខ្ទង់ ១៥០០គីឡូម៉ែត្រ ក្នុងល្បឿនលឿនជាងសំឡេង ដល់ទៅ១២ដង និងឡើងដល់កម្ពស់ជិត១០០គីឡូម៉ែត្រ មុនទម្លាក់ខ្លួនមកវិញ រួចហោះទៅធ្លាក់ចំគោលដៅ នៅលើផ្ទៃសមុទ្រនៅភាគខាងកើតប្រទេស។
វាគឺជាការបាញ់តេស្តមីស៉ីលលើកដំបូងរបស់កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២៥នេះ ហើយគាប់ជួនពេលដែល រដ្ឋមន្រ្តីការបរទេសរបស់សហរដ្ឋអាមេរិក លោក Antony Blinken ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង។ លោក Blinken និងសមភាគីកូរ៉េខាងត្បូង បានរួមគ្នាថ្កោលទោស ការបាញ់មីស៉ីលរបស់កូរ៉េខាងជើង។
ការតេស្តមីស៉ីលខាងលើរបស់ទីក្រុងព្យុងយ៉ាង កើតមានឡើងមិនដល់២សប្តាហ៍ឡើយ មុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់បើកកិច្ចប្រជុំកំពូលជាមួយ លោក គីម ជុងអ៊ុន អំឡុងអាណត្តិកាន់អំណាចលើកទី១ ត្រូវស្បថចូលកាន់តំណែងជាផ្លូវការ៕ ដោយ៖ ធីរីណា

រូបថត​៖ KCNA


ចែករំលែក៖