ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានដឹកនាំមន្រ្តីក្រោមឱវាទចូលរួមអមដំណើរជាមួយអភិបាលស្រុកវាលវែង និងក្រុមការងារនៃសាលាស្រុកជាច្រើនរូប ចុះចែកអំណោយមនុស្សធម៌ជូនគ្រួសារខ្វះខាត ខណៈកំពុងជួបនូវជីវភាពទីទាល់ខ្លាំង និងបន្តដាំកូនឈើចំនួន ៧៥០ដើមផងដែរ ។
លោក អធិការបន្តថា ពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋគ្រួសារទីទាល់ក្រខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចអូរដេកា ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក បន្តទៀតថា នាព្រឹកថ្ងៃដដែលនោះក្រុមការងារបន្តដាំកូនឈើចំនួន ៧៥០ដើមរួមមាន ក្ងោក ស្ដៅ ច្រេស បេង និងចាន់គីរី នៅចំណុចល្អាង១២ និងបឹងរំលិច ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងឱកាសនោះដែរលោក អភិបាលស្រុកវាលវែងមានមតិសំណេះសំណាល ពោរពេញទៅដោយទឹកមុខមនោសញ្ចេតនានៃអង្គពីធី ៕ ដោយ៖បុឹម ពិន