ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដូចជាអត់យកត្រចៀកស្ដាប់ នូវអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តិចណាសោះ ក្នុងការតែងតាំង មន្ត្រី បែជាយកមន្ត្រីថ្នាក់ជាតិទៅដណ្តើមតំណែងមន្ត្រីមូលដ្ឋាន ជាអភិបាលស្រុកម៉ាឡៃ ដើរផ្ទុយទាំងស្រុងពីកំណែទម្រង់នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
សូមជម្រាបថា៖ លោក សាម សុជាង អតីតជាមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប ពាក់ស័ក្ដិ៣ និងជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាបផងដែរ ។ ប៉ុន្ដែត្រូវបានផ្ទេរមកក្របខ័ណ្ឌ នគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក៏បានឡេីងស័ក្តិ៤ ។ បន្ទាប់មកផ្ទេរពីនគរបាលជាតិ មកអគ្គរដ្ឋបាលស៉ីវិល ក្រសួងមហាផ្ទៃ បែជាត្រូវបានលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ស្នេីសុំតែងតាំងជា អភិបាលស្រុក ម៉ាឡៃ ជំនួស លោកអភិបាលស្រុកចាស់ដែលចប់អាណត្តិទៅវិញ ? ចំណុចនេះសួរថា តេីអភិបាលស្រុកម៉ាឡៃចប់អាណត្តិ ហើយគ្មានអភិបាលរងស្រុក ណាម្នាក់ មានសមត្ថភាពឡេីងទៅជាអភិបាលស្រុកឬ មួយយ៉ាងណា..!
សូមរំលឹកថា៖ សម្ដេចតេជោ ហ៊ុន សែន បានណែនាំជាបន្តបន្ទាប់ ក្នុងការតែងតាំងមន្ត្រី គឺត្រូវតែងតាំងមន្ត្រីនៅនឹងកន្លែង មិនមែនយកពីថ្នាក់ជាតិ មកដាក់នោះទេ ។ ផ្ទុយទៅវិញ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មិនគោរពតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន តេីគួរធ្វេីបែបណាទៅវិញ ..?
លោក អ៊ុំ រាត្រី មុននឹងតែងតាំងមន្ត្រី សូមស្តាប់នូវអនុសាសន៍សម្តេចផង ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់មានប្រសាសន៍ គឺនៅតែទទូចមិនអោយបោះមន្ត្រីថ្នាក់ជាតិ ចុះទៅដណ្តើមកន្លែងមន្ត្រីថ្នាក់មូលដ្ឋាន ទុកឱកាសអោយខាងមូលដ្ឋាន គេរៀបចំមន្ត្រីគេ បើមិនដូច្នេះ មកយកផ្កាយពាក់ពេញៗស្នា បន្តមកចង់ទៅធ្វើអភិបាលស្រុក ចង់ទៅធ្វើអភិបាលខេត្ត ចង់ទៅធ្វើអភិបាលរងខេត្ត ចង់ទៅធ្វើនេះ ទៅធ្វើនោះ ។ ចឹងទេមកថ្នាក់ជាតិមកយកផ្កាយ មកយកឋានៈឧត្តមមន្ត្រី មកយកឋានៈវរមន្ត្រី រួចហើយទៅដណ្តើមកន្លែងនៅឯមូលដ្ឋាន ។ សម្តេចតេជោ បានលើកជាហេតុផលជាក់ស្តែងថា៖ ខេត្តស្វាយរៀង យកមន្ត្រីយោធាពីខាងលើ ដាក់ទៅធ្វើជាអភិបាលរង តែសម្តេចមិនព្រមសុីញ៉េ តែទីបំផុតយកអភិបាលក្រុងបាវិត មកធ្វើ បានសម្តេចព្រមសុីញ៉េ។
សម្តេចថ្លែងបន្តថា៖ ខ្ញុំសូមអង្វរ ក មន្ត្រីនៅថ្នាក់ជាតិ សូមកុំទៅដណ្តើមតំណែង នៅឯមូលដ្ឋាន ។ សម្តេចលើកជាឧទាហរណ៍ថា៖ បើអភិបាលខេត្តចូលនិវិត្តន៍ អភិបាលរង១ឡើង ចឹងវាខ្វះអភិបាលរង១ ដូច្នេះយើងត្រូវរកអភិបាលស្រុកណាមួយ ឬក៏នាយករដ្ឋបាលនៅសាលាខេត្តដើម្បីឡើង។ ការធ្វើបែបនេះជារើសឡើងបន្តគ្នា មានន័យថាអភិបាលស្រុក មកធ្វើអភិបាលរងខេត្ត គឺត្រូវអភិបាលរងស្រុក ត្រូវឡើងជាអភិបាលស្រុក ដល់ខ្វះអភិបាលរង ត្រូវរុញអ្នកក្រោមឡើង ចឹងគ្នាបានទទួលការឡើងស័ក្តិ ហើយបើយើងបោះពីលើទៅដដែល អោយគ្នាខំធ្វើការប្រឹងសឹងងាប់ទាំងខ្លួនទៀត រហូតដល់ថ្ងៃចូលនិវត្តន៍រកឡើងស័ក្តិ មួយស័ក្តិមិនឃើញផង ដោយសារតែមន្ត្រីថ្នាក់ជាតិទៅដណ្តើមយកអំណាចកន្លែងគេ ចុះអោយគ្នាធ្វើការមេច.! សម្តេចបន្តថា៖ ខ្ញុំនៅតែទាមទារ ហើយខ្ញុំមិនព្រមចុះហត្ថលេខា ចឹងបានអ្នកដែលបានធ្វើឯកសារឱ្យសម្តេចក្រឡាហោមចុះហត្ថលេខា ថ្ងៃមុន មុនខ្ញុំចុះហត្ថលេខា ខ្ញុំឱ្យសួរ ..ថាម្នាក់ហ្នឹងនៅឯណា..ព្រោះគ្រាន់តែដាក់ពាក្យថាមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ឥឡូវខ្ញុំសូមស្នើឱ្យដាក់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឬដាក់ឱ្យចំថា បច្ចុប្បន្នជាអភិបាលរងស្រុកនេះ សុំតម្លើងជាអភិបាលស្រុក ដាក់ឱ្យច្បាស់ចឹង បើមិនដូច្នេះខ្ញុំមិនសុីញ៉េ។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អាចនឹងធ្វើអោយលោក អ៊ុំ រាត្រី បានដឹង បានយល់ កុំយកវប្បធម៍បោះមន្ត្រីថ្នាក់ជាតិមកដណ្តើមអំណាចមន្ត្រីមូលដ្ឋាន ខ្វះអីអភិបាលលរងស្រុកម៉ាឡៃ ហេតុអីមិនព្រមស្នើឡើង..!។
សូមជម្រាបថា៖ នៅក្នុងលិខិតរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ នៃបញ្ជីរាយនាមមន្ត្រីរាជការ ដែលត្រូវបានស្នើសុំផ្ទេភារកិច្ច និងតែងតាំងជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចុះហត្ថលេខាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ដោយ លោក អ៊ុំ រាត្រី ស្នើសុំ លោក សាម សុជាង ក្របខ័ណ្ឌឋានន្តរស័ក្តិថ្នាក់ វរសនីយ៍ត្រី បច្ចុប្បន្ន ជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប មកជំនួសដំណែង លោក អែម សុខា ឡើងជាអភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ គឺមានប្រតិកម្មពីមន្ត្រី ចាត់ទុកថា ការស្នើសុំនេះ មានភាពមិនប្រក្រតី ផ្ទុយពីអនុសាសន៍សម្តេច តេជោ ហ៊ុន សែន ធ្ងន់ធ្ងរបំផុត។
ពាក់ព័ន្ធករណីខាងលើ នៅម៉ោង២និង១៥នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាមួយអង្គភាព «នគរដ្រេហ្គន»តាមទូរស័ព្ទ លោកមិនបានធ្វើអធិប្បាយអ្វីទេ លោកគ្រាន់តែមានប្រសាសន៍ទាំងក្រេវក្រោធយ៉ាងខ្លីថា៖ «ថ្មើនេះល្មមឱ្យខ្ញុំបានសម្រាកខ្លះផង» រួចក៏បិទទូរស័ព្ទយ៉ាងប្រញាប់៕
ដោយ៖សុខ ខេមរា