ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ មុននេះបន្តិចកម្លាំងវរៈព្រំដែនលេខ៥០១ រុករកសពនារីទឹកហូរកួចនៅរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចឃើញហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មុននេះបន្តិចវេលាម៉ោងប្រមាណជាង១ រសៀលថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ កម្លាំងវរៈព្រំដែនលេខ៥០១ បានរុករកសពនារីដែលទឹកហូរកួចនៅរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចឃើញហើយ នៅត្រង់ចំណុចទឹកជ្រោះហូរធ្លាក់និយាយរួម(ក្រោមទឹកធ្លាក់តែម្ដង)ដែលមានចម្ងាយប្រមាណ ៥០ម៉ែត្រពីកន្លែងកើតហេតុ។ សពត្រូវបានកងកម្លាំង និងសមត្ថកិច្ចមូលដ្ឋានដឹកយកទៅមណ្ឌលសុខភាពប្រមោយដើម្បីធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ 

 គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ទឹកហូរកួចមនុស្សខាងលើ បានកើតឡើងនៅចំណុចរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 យោងតាមបុរសឈ្មោះ ប៊ុន ទិត្យ អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផាសុីស្រា ឃុំឫស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលនៅកន្លែងកើតហេតុផ្ទាល់ និងជាអ្នករងរបួសក្បាលជង្គង់ខាងឆ្វេងនិងចង្កេះបានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលស្រុកវាលវែងថា គាត់កំពុងហូបបាយស្រាប់តែឃើញទឹកហូរកួចនារីម្នាក់ គាត់ក៏ហក់ទៅជួយចាប់ដោយដៃម្ខាងចាប់ខ្សែពួរ ឯដៃម្ខាងទៀតចាប់អាវនារីនោះជាប់ តែដោយសារទឹកហូរខ្លាំងពេកក៏របូតដៃធ្លាក់ទៅក្រោមបណ្ដាលឲ្យរងរបួសបែបនេះតែម្តង។ ក្រោយគេរកគាត់ឃើញប៉ុន្មានម៉ោងក្រោយមក គេក៏បានបញ្ជូនគាត់ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

 បើតាមការរៀបរាប់ពីបុរសដដែលក្នុងរបាយការណ៍នគរបាលខាងលើបន្តថា នារីបាត់ខ្លួនត្រូវបានគេស្គាល់ឈ្មោះ នូ រ៉ានាត អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ដូច្នេះករណីខាងលើនេះ គឺមានបុរសម្នាក់រងរបួស និងមាននារីម្នាក់បាត់បង់ជីវិត៕ ដោយ៖ បុឹម ពិន


ចែករំលែក៖