ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ណែនាំឲ្យមន្ត្រីថ្នាក់ មូលដ្ឋានត្រូវពិនិត្យនិងពិចារណាឲ្យបានច្បាស់លាស់មុននឹងចាត់សម្រេចផ្ដល់បណ្ណក្រីក្រឲ្យពួកគាត់ជាពលរដ្ឋក្រីក្រពិតប្រាកដ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ត្រូវតែពិនិត្យ ពិចារណាឲ្យបានច្បាស់មុននឹងផ្ដល់អំណោយជូនទៅប្រជាពលរដ្ឋដែលក្រីក្រ ដោយសារថា ការផ្ដល់អំណោយមិនចំគោលដៅ មិនទៅដល់ដៃប្រជាពលរដ្ឋក្រីក្រពិតប្រាកដវានឹងខាតបង់ បង្កើតឲ្យមានការឈ្នានីសគ្នា មានការគុំកួនគ្នាទៅវិញទៅមក និងកើតមានការសង្ស័យពី បុគ្គលមួយទៅបុគ្គលមួយទៀតជាដើម ។ 

    លោក ឃួង ស្រេង បានបញ្ជាក់បែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅជាង២០០នាក់ កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២០ នៅស្នាក់ការគណបក្សខណ្ឌព្រែកព្នៅ។ 

   លោកបានបញ្ជាក់ថា  អ្នកដែលវិនិច្ឆ័យចំពោះប្រជាពលរដ្ឋក្រីក្រ ឬមិនក្រីក្រវាជាការសម្រេចចិត្តរបស់អស់លោកជាប្រធានភូមិ លោកចៅសង្កាត់និងក្រុមការងារនៅថ្នាក់មូលដ្ឋាននេះហើយ។ ដូច្នេះត្រូវពិនិត្យមើលបញ្ហានេះឲ្យបានច្បាស់លាស់ ចៀសវាងការដាក់សាច់ឈាម សាច់ញាតិខ្លួនឯងជាប្រជាពលរដ្ឋក្រីក្រ ខណៈដែល ពួកគាត់មានជីវភាពសមរម្យហើយនោះ។ 

    លោកឃួង ស្រេង បានបន្ដថា វាមិនចំណេញប៉ុន្មានទេ បានលុយ៥០០ទៅ៦០០ដុល្លារ នារដូវកូវីដ–១៩នេះ តែវាបានបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯងនិងថ្នាក់លើថែមទៀត ហើយពិសេសទៀតនោះ គឺបាត់ទំនុកចិត្តពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែម្តង ។

    លោកឃួង ស្រេង ក៏បានជំរុញឱ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបន្តការផ្សព្វផ្សាយជុំវិញវិធានការទប់ស្កាត់កូវីដ–១៩ ទៅតាមការណែនាំរបស់ក្រសួង សុខាភិបាល។

    លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ បានធ្វើសកម្មភាពយ៉ាងច្រើននៅក្នុងខែមិថុនាឆ្នាំ២០២០កន្លងមកនេះ ដោយបានការពារសន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេសសកម្មភាពក្នុងការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ និងការចុះជួយដល់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ–១៩ ។

 លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានជួយស្ថាបនាផ្លូវចំនួន១២ខ្សែ នៅសង្កាត់ពន្សាំងចំនួន៩ខ្សែមានប្រវែង៩.៩៣៤ម៉ែត្រអស់ថវិកាជាង៣០ម៉ឺនដុល្លារអាមេរិក។នៅសង្កាត់ពញាពន់មានចំនួន៣ខ្សែប្រវែង២.២២៧ម៉ែត្រអស់ថវិកាចំនួនជាង៧ម៉ឺនដុល្លារ។ លោកបានឧបត្ថម្ភអង្ករចំនួន១០ តោនដល់ខណ្ឌព្រែកព្នៅសម្រាប់ទុកជូនប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាក និងបានឧបត្ថម្ភថវិកាចំនួន១ ម៉ឺនដុល្លារ ដើម្បីជួយសាងសង់ទីស្នាក់ការគណបក្សសង្កាត់គោករកា  បានជួយឧបត្ថម្ភចាក់ដីចំនួន១០០០ឡានដល់សង្កាត់សំរោងសម្រាប់ចាក់បំពេញទីធ្លាសាលាសង្កាត់និងផ្លូវជាប់សាលាសង្កាត់ រួចហើយបាននាំយកទៀនព្រះវស្សានិងទេយ្យវត្ថុព្រមទាំងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាទាំង១៨វត្តក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅដែលបានប្រារព្ធធ្វើនៅក្នុងវត្តជេដ្ឋាឧត្តមហៅវត្តក្រួសនិងសង្កាត់សំរោង ខណ្ឌ ព្រែកព្នៅ៕  ដោយ៖សំរិត


ចែករំលែក៖