ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួន ជនជាតិឡាវ២នាក់ ជាមេក្លោងជួញដូរគ្រឿងញៀន ជិត៦គីឡូក្រាម នៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ជនជាតិឡាវជាមេក្លោងគ្រឿងញៀនចំនួន២នាក់ ជាមួយវត្ថុតាងជិត៦គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន ខណៈជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចផ្លូវលំ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឱ្យដឹងថា៖ ប្រតិបត្តិការខាងលើ ចុះបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់ អនុវត្តន៍តាមវិធានញុះញង់ ដែលមានកម្លាំងជំនាញ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយឧត្ដមសេនីយ៍ យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបញ្ជាក់ថា៖ មេក្លោងជួញដូរគ្រឿងញៀន ជាជនជាតិឡាវ ២នាក់នេះ ឈ្មោះ ស៊ូ បាន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិឡាវ មានទីលំនៅបច្ចុប្បន្ន ភូមិណាស៊ែងខាំ ស្រុកសៃ ខេត្តឧត្ដមសៃ ប្រទេសឡាវ និងឈ្មោះ ចាន់ ឌី ភេទប្រុស ជនជាតិឡាវ អាយុ៣១ឆ្នាំ ទីលំនៅភូមិភាងញ៉ា ស្រុកហ៊ុន ខេត្តឧត្ដមសៃ ប្រទេសឡាវ។
សូមជម្រាបថា៖ ក្នុងប្រតិបត្ដិទ្រង់ទ្រាយនោះ កម្លាំងសមត្ថកិច្ច បានចាប់យកវត្ថុតាងថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន៦កញ្ចប់ ទម្ងន់សុទ្ធ៥៩៨៦,២៩ក្រាម និងបន្តនីតិវិធីធ្វើកំណត់ហេតុស្តាប់ចម្លើយ ជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តស្រាវជ្រាវរកជនពាក់ព័ន្ធ ។
សូមជម្រាបថា៖ នៅខេត្តស្វាយរៀងសមត្ថកិច្ចក៏បង្ក្រាបគ្រឿងញៀនបានជាង១១គីឡូក្រាម ខណៈជនល្មើសដឹកជញ្ជូនឆ្លងដែន ក្នុងបទល្មើសជាក់ស្តែង កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ។ ជនសង្ស័យជាជនជាតិវៀតណាម ៕ដោយ៖សិលា


ចែករំលែក៖