ព័ត៌មានទាន់ហេតុការណ៍៖

មេការសំណង់បុរី ខេអិន ខឹងកម្មករទារលុយដកកាំភ្លេីងបាញ់គម្រាម២គ្រាប់ ចេតនាសម្លាប់ រងរបួសជើងម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបន្ទាប់មេការបុរី ខេអិន បានដកកាំភ្លេីងបាញ់ភ្ជុចដីចំនួន២គ្រាប់គំរាមសម្លាប់កម្មករ២នាក់ រងរបួសជេីងព្រោះខឹងកម្មករមកទារលុយ។

ហេតុការណ៍​នេះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសំណង់បុរី ខេអិន តាមមហាវិថីឈ្នះ ឈ្នះ ភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះប៊ុន ច័ន្ទតុលា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់បុរីខាងលើ ផ្នែកខាងប្រព័ន្ធលូ មានទីលំនៅភូមិប្រាសាទ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ចំណែកជនដៃដល់ឈ្មោះ អុឹង ឆេងវ៉េង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាមេការ សំណង់បុរី ខេអិន ក្រោយផ្ទុះអាវុធភ្លាម ជិះម៉ូតូគេចខ្លួនទៅបាត់ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ៖ ក្នុងសប្តាហ៍នេះ ការងាររបស់ក្រុមគាត់ រៀបចំដាក់ប្រព័ន្ធលូ ត្រូវបើកលុយបាន៥០០ដុល្លារ ហើយថ្ងៃសៅរ៍ ជាថ្ងៃចុងសប្តាហ៍ មេការខាងលើបានហៅគាត់ឲ្យមកបើកលុយ លុះនៅវេលាម៉ោងខាងលើសុំបើកលុយ៥០០ដុល្លារ ស្រាប់តែមេការឲ្យតែ១៥០ដុល្លារទេ ទើបធ្វើឲ្យជនរងគ្រោះតវ៉ា លុយ១៥០ដុល្លា ធ្វើយ៉ាងម៉េចបើកចែកឲ្យក្រុមកម្មករគ្រប់ទៅ ឈានតមាត់គ្នា រហូតដល់ជនដៃដល់ខឹងក្រោធ ទាញដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ភ្ជុចផ្លូវបេតុង២គ្រាប់ បណ្តាលឲ្យផ្លាតខ្ទាតបំណែកត្រូវចំជើងជនរងគ្រោះ ហូរឈាមរងរបួស ។ ជនដៃដល់ទាញម៉ូតូជិះគេចទៅបាត់ បង្កឲ្យភ្ញាក់ផ្អើល ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងជំនាញខណ្ឌចុះទៅសាកសួរ ពិនិត្យស្លាកស្នាមបន្សល់ទុក ហើយរកឃើញសំបកគ្រាប់១ ដែលស្គាល់ជាសំបកគ្រាប់កាំភ្លើងlock ។ ចំណែកសំបកគ្រាប់មួយទៀត ជនរងគ្រោះអះអាងថា ជនសង្ស័យរើសយកដាក់ហោប៉ាវមុនគេចខ្លួន ។

បើតាមកម្មករធ្វើការក្នុងបុរីខាងលើ បានឲ្យដឹងថា ពួកគាត់ក៏មិនដឹងជនរងគ្រោះនិងមេការទាស់សម្តីគ្នារឿងលុយកាក់ដែរ គ្រាន់តែឮស្នូរផ្ទុះអាវុធ២គ្រាប់ផ្ទួនៗហើយ ឃើញជនរងគ្រោះរត់គេចចេញ ហើយមេការឡើងជិះម៉ូតូគេចទៅបាត់ ។

ជុំវិញមេការបុរីបាញ់គម្រាមកម្មកររឿងលុយកាក់ គ្រាដែលសមត្ថកិច្ចចុះទៅ កុំថាឡើយជនដៃដល់ សូម្បីតែរដ្ឋបាល អ្នកធ្វើការងារប្រចាំនៅការិយាល័យ ក៏រត់គេចបាត់អស់ដែរ ពោលនៅកន្លែងកើតហេតុ សល់តែក្រុមកម្មករសំណង់ ហើយសមត្ថកិច្ចនាំជនរងគ្រោះទៅសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖