ព័ត៌មានទាន់ហេតុការណ៍៖

តោះទៅលេង ល្អាងព្រះនិព្វាន និងល្អាងដទៃទៀត នៃភ្នំកំពង់ត្រាច

ចែករំលែក៖

ខេត្តកំពត៖ បើយោងតាមប្រភព​​ Heritages Daily បេតិកភណ្ឌ​ប្រចាំថ្ងៃ បានឱ្យដឹងថា៖ កំពង់ត្រាចជាតំបន់បេតិកភណ្ឌធម្មជាតិដ៏ល្អឯកនៅកម្ពុជា។ ភ្ញៀវអាចដើរលេងក្នុងល្អាងភ្នំ កំសាន្តនៅបឹងលំពូ ឬ ជិះទូកតាមព្រែក កំពង់ត្រាច ទៅដល់សមុទ្រ នៅត្រង់ចំណុចដៃព្រែកអង្កោល។ គឺ​ពិតជាអស្ចារ្យណាស់ និងជាឋានសួគិ៍ពិតប្រាករបស់ដែនដី​សុវណ្ណភូមិមួយនេះ បើអភិរក្សភ្នំ បឹង និងព្រែក ហើយអភិវឌ្ឍន៍សេវាកម្មទេសចរណ៍បានល្អ។ មិនបាច់ទៅលេងឯណាទៀតទេ គឺកម្ពុជាទឹកដីអច្ឆរិយៈ នៅតំបន់នេះរង់ចាំអ្នក!

ល្អាងព្រះនិព្វាន មានរូបសំណាកព្រះពុទ្ធចូលនិព្វានធំមួយ កសាង​នៅឆ្នាំ១៩៦៣។ អ្នកខ្លះហៅល្អាងឈើទាល (មានដើមឈើទាលអាយុកាលពាន់ឆ្នាំ)។ ក្នុងល្អាងព្រះនិពា្វនមាន៖ ក្រឡើតនាគ អណ្តើក.ស ស្បែកដំរី បំពង់.ក.នាគ ក្រពះនាគ លោកយាយម៉ៅ ស្គរហនុមាន ជួងហនុមាន ស្តេចដំរី.ស រូបចម្លាក់ឋានតុសិត ស្គរល្ខោន និងសេនាព្រះភ័ក្រ្ត៨។
ល្អាងស្រែ១០០ មានស្តារឡាក់មីត ដុះឡើងលើដូចទំនប់ភ្លឺស្រែ និងប្រឡាយជាច្រើន។ ក្នុងល្អាងនេះ មើលទៅលើនឹងឃើញគ្រែធ្វើពីឈើលាយថ្មសៀតជាប់លើជញ្ជាំងល្អាង។ បច្ចុប្បន្ន នៅឃើញគ្រែ។

ល្អាងខ្មោច(ពីមុនជាល្អាងប្រចៀវ តែសម័យប្រល័យពូជសាសន៍ ប៉ុល ពត យកមនុស្សស្លូតត្រង់ទៅសម្លាប់ចោលច្រើននៅទីនោះ។ បច្ចុប្បន្ន គេយកធាតុចេញអស់ហើយ។

នៅមានល្អាងច្រើនទៀត​ និងរូង(គេនិយមទៅលេង និងបួងសួង)៖ ១)រូងតាឥសី មានអ្នកសច្ច: ឬតាឥសីទៅសំណាក់ធម៌។ ពេលបុណ្យទាន អ្នកស្រុកតែងតំណាលថា មានគេយកកន្ទេល និងចាន​ដាក់នៅទីនោះ ដើម្បីឱ្យអ្នកស្រុកខ្ចី។
២)រូងនាគ មានថ្មរូបរាងដូចសត្វនាគ។ មើលពីក្រៅថ្មនៅលើល្អាងដូចក្បាលនាគ។
៣)រូងក្រពើ មានរូបរាងដូចសត្វក្រពើ។
៤)រូងចំការមន ពីមុនមានចិនដាំដើមមននៅទីនោះ ចិញ្ចឹមកូន​នាងដើម្បីធ្វើសូត្រ។

រូងក្នុងភ្នំកំពង់ត្រាច មានប្រមាណ១២០រូង ដែលគេសន្និដ្ឋានថា ជាតំណាង១២០ ជាតិសាសន៍។
តាមព្រហ្មញ្ញសាសនា គេមានជំនឿមកបន់ស្រន់នៅភ្នំកំពង់ត្រាច​រហូតដល់សព្វថ្ងៃ។ មានរៀបចំពិធីបុណ្យប្រចាំភូមិ ប្រណាំងគោ និងរបាំនៅពេលបុណ្យចូលឆ្នាំ ឬ បុណ្យភ្ជំបិណ្យ។ ពីមុន ធ្លាប់ធ្វើពិធីសុំទឹកភ្លៀង (ឥឡូវអត់ធ្វើ)។ មានវត្ត១ឈ្មោះ គិរីសិលា សង់នៅឆ្នាំ១៩៩១ ដោយពុទ្ធបរិស័ទ្ធនៅជុំវិញភ្នំ។

ភ្នំកំពង់ត្រាច ប្រហែលជាត្រូវបានកកើតឡើងនៅស័កទី២(សម័យដាយណូស័រ) នៃប្រវត្តិកកើតផែនដី។ តួភ្នំទាំងមូលជាប្រភេទថ្មកំបោរ និងលាយថ្មក្រានីតខ្លះនៅក្នុងល្អាង។ ប្រជាជនយកថ្មក្រានីតទៅធ្វើចាន។មានរោងសិប្បកម្មស្ថិតនៅចំងាយប្រមាណ៥០០ម ពីភ្នំ កិនថ្មក្រានីតជាថ្មស ឬស្មាកូតសម្រាប់យកទៅបៀកជញ្ជាំង ឬដើម្បីយកទៅធ្វើចាន៕ដោយ៖សិលា


ចែករំលែក៖