ខេត្តព្រៃវែង៖ មិនអន់ឯណាចំពោះខេត្តព្រៃវែង ព្រោះខេត្តនេះមានតំបន់ទេសចរណ៍ចំនួន៧កន្លែង រួមមានរមណីយដ្ឋានប្រវត្តិសាស្ត្រមួយកន្លែង, រមណីយដ្ឋានវប្បធម៌ចំនួន៣កន្លែង និងរមណីយដ្ឋានធម្មជាតិ៣កន្លែង។នេះបើតាមលោក ជា សុមេធី អភិបាលខេត្តព្រៃវែងបានថ្លែងឱ្យដឹងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍភាពការងារឆ្នាំ២០១៩ និងទិសដៅបន្តរបស់ខេត្ត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។
លោកអភិបាលខេត្តបញ្ជាក់ថារមណីយដ្ឋានប្រវត្តិសាស្ត្រមួយកន្លែង គឺរមណីយដ្ឋានប្រវត្តិសាស្ត្រនគរភ្នំ។ រមណីយដ្ឋានធម្មជាតិ៣កន្លែង គឺរមណីយដា្ឋនទួលព័ន្ធតាឡីបឹងសេ្នហ៍, រមណីយដ្ឋានស្ទឹងចារ, និងរមណីយដ្ឋានដីដុះ។ រមណីយដ្ឋានវប្បធម៌ចំនួន៣កន្លែង គឺរមណីយដ្ឋានទួលបារាយណ៍អណ្តែត, រមណីយដ្ឋានទួលអស់លោក និងរមណីយដ្ឋានប្រាសាទព្រៃដើមស្រុក។
លោក ជា សុមេធីបានបន្តទៀតថា ក្នុងឆ្នាំ២០១៩ ខេត្តព្រៃវែងទទួលបានភ្ញៀវទេសចរសរុប ៥២៧,៩១៦នាក់ ក្នុងនោះទេសចរជាតិចំនួន ៥២៤, ២៣៤នាក់ និងភ្ញៀវទេសចរអន្តជាតិចំនួន៣.៦៨២នាក់។
ថ្វីដ្បិតមិនសូវមានភាពល្បីល្បាញផ្នែកទេសចរណ៍ ប៉ុន្តែខេត្តដែលនៅភាគអាគ្នេយ៍មួយនេះជាខេត្តដែលផលិតស្រូវបានច្រើនជាងគេបង្អស់នៅកម្ពុជា។
សូមជម្រាបថា ខេត្តព្រៃវែងមានចម្ងាយ៩៥គីឡូម៉ែត្រពីរាជធានីភ្នំពេញស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា។ ខេត្តនេះ មានព្រំប្រទល់ខាងជើងជាប់ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ខាងកើតជាប់ខេត្តស្វាយរៀងនិងប្រទេសវៀតណាម និងខាងលិចជាប់ខេត្តកណ្ដាល និងខាងត្បូងជាប់ប្រទេសវៀតណាម៕ដោយ៖ស សម