ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបន្តការផ្សព្វផ្សាយលទ្ធភាពឥណទាន ដល់កសិករខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលទ្ធភាពឥណទានដល់កសិករចិញ្ចឹមត្រី មាន់ ទា និងបន្លែ ក្រុមសិប្បកម្ម សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិកម្ម និងសហគមន៍កសិកម្ម ដែលប្រជាពលរដ្ឋចូលរួមជាង ១០០នាក់មកពីតាមបណ្តាស្រុកនានាជុំវិញខេត្ត។​

ក្នុងការផ្សព្វផ្សាយ ស្ដីពីលទ្ធភាពឥណទានដល់កសិករមានការចូលរួមពីលោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត និងលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងប្រជាកសិករ ប្រចាំខេត្តស្វាយរៀងរាប់រយនាក់ផងដែរ។

ឆ្លៀតឱកាសនោះដែរ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក ជូនដល់ជូនដល់បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។

សូមជម្រាបថា គម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក គឺជំរុញឲ្យប្រជាកសិករយើង ប្រឹងប្រែងផលិតបន្លែ ផ្លែឈើ លុបបំបាត់ការនាំចូលពីប្រទេសជិតខាង ផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ហើយយើងអាចធ្វើការនាំចេញបន្តទៀត ព្រោះការផ្គត់ផ្គង់គ្មានចីរភាព ដាំបាន៧ថ្ងៃ ជាងកន្លះខែក្រោយមិនមានផលិតចូលទីផ្សារទៅទៀត ៕សហការី


ចែករំលែក៖