ព័ត៌មានទាន់ហេតុការណ៍៖

ឆេះខ្សែភ្លើងផ្អើលទាំងព្រឹកសំណាងល្អមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យទាំងព្រឹកព្រលឹមបណ្តាលមកពីទុស្សេខ្សែភ្លើងឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាទូរស័ព្ទសុំកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នៅចំណុចផ្ទះលេខ៣៥ ផ្លូវលេខ៦៣កែងផ្លូវលេខ៤២២ ក្រុម ៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឋចំការមន។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថាមុនកើតហេតុប្រជាពលរដ្ឋបានរាយការណ៍មានករណីទុស្សេខ្សែភ្លើងនៅផ្លូវលេខ៦៣ហើយក៏បានដឹកនាំកម្លាំងចុះមកត្រួតពិនិត្យ ពេលមកដល់កន្លែងកើតហេតុឃើញមានអណ្ដាតភ្លើងឆាបឆេះខ្សែភ្លើង ហើយទោះបីប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ក៏មិនអាចទប់នឹងអណ្ដាតភ្លើងបានដែរ រួចក៏ប្រញាប់ហៅរថយន្តពន្លត់អគ្គិភ័យនិងទំនាក់ទំនងទៅខាងអគ្គិសនីកម្ពុជាឱ្យបិទចរន្តភ្លើងដើម្បីឱ្យរថយន្តបាញ់ទឹក ។ភ្លាមៗនោះក៏មានលោក ថេង សុថុល អភិបាលខណ្ឌចំការមនចុះមកដឹកនាំកម្លាំងសហការបិទផ្លូវកន្លែងកើតហេតុកុំឱ្យប្រជាពលរដ្ឋជិះយានយន្តឆ្លងកាត់ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុនិងងាយស្រួលដល់កម្លាំងនគរបាលអគ្គិភ័យបាញ់ទឹកពន្តត់ផង ។

នគរបាលបន្តថា ក្នុងហេតុការណ៍នេះយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរាជធានីភ្នុំពេញចំនួន៥គ្រឿងនិងរថយន្តពន្លត់អគ្គិភ័យកោះពេជ្រចំនួន១គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន១គ្រឿង។ហេតុការណ៍ខាងលេីមិនបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋទេហើយភ្លើងបានរលត់នៅវេលាម៉ោង៨និង០០នាទីព្រឹក។

អាជ្ញាធរយើងបានទំនាក់ទំនងទៅខាងអគ្គិសនីឱ្យមកតបណ្ដាញភ្លើងឡើងវិញដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់បានឡើងវិញ៕

ដោយ៖ស រស្មី

 


ចែករំលែក៖