កីឡាអន្តរជាតិ៖ កីឡាករវាយកូនហ្គោលសញ្ជាតិស្កុតឡេន Marc Warren បានឈ្នះពានរង្វាន់វាយកូនហ្គោល European Tour កម្មវិធី Austrian Openជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport កាលពីរសៀលថ្ងៃទី១៣ កក្កដាម្សិលមុិញ។
កីឡាករវាយកូនហ្គោលវ័យ៣៩ឆ្នាំ Marc Warren ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា បានចូលរួមប្រកួតនៅឯទីលានវាយកូនហ្គោល Diamond Country Club និងបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយបានយកឈ្នះកីឡាករ Marcel Schneider របស់អាល្លឺម៉ង់ជាមួយនឹងពិន្ទុដាច់រហូតដល់១៣ពិន្ទុ។ ជ័យជម្នះរបស់លោក Warren គឺជាជ័យជម្នះលើកទី៤របស់លោកក្នុងដំណើរប្រកួតទេសចរណ៍ក្នុងតំបន់អឺរ៉ុប។
ក្រោយពេលទទួលពានរង្វាន់លោក Warren បានប្រាប់អ្នកសារព័ត៌មានថា “ការប្រកួតមុនខ្ញុំមិនមានឋានៈពេញលេញទេ ប៉ុន្តែឥឡូវនេះខ្ញុំស្ថិតក្នុងចំណាត់ថ្នាក់របស់អ្នកឈ្នះហើយដែលឆ្នាំនេះគឺល្អបន្តិច។ ខ្ញុំគ្រាន់តែត្រូវការធ្វើអ្វីដែលខ្ញុំកំពុងធ្វើ ដោយព្យាយាមធ្វើឱ្យអស់លទ្ធភាពក្នុងការរក្សាលំនឹងក្នុងពេលប្រកួត”។
សូមបញ្ជាក់ថា ជ័យជម្នះរបស់លោក Warren នេះនឹងផ្តល់ឱកាសឲ្យរូបគាត់អាចចូលរួមកម្មវិធីប្រកួត Rolex Series សម្រាប់រយៈពេលនៅសល់នៃឆ្នាំនេះក៏ដូចជាព្រឹត្តិការណ៍ផ្សេងទៀតសម្រាប់លោកឈានទៅប្រកួតនៅចុងសប្តាហ៍នេះនៅឯទីក្រុងវីយែន។ ការប្រកួតនៅប្រទេសអូទ្រីស(Austrian Open) នេះគឺជាលើកដំបូងនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីការផ្អាកដោយសារកូវីដ-១៩ ៕ដោយ៖ភារៈ