អន្តរជាតិ៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីBoris Johnson បានប្រកាស ពីសេចក្តីសម្រេច បញ្ឈប់រាល់ទំនាក់ទំនងជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ហួវៃ ដោយលុបបណ្តាញ5G ចេញពីប្រទេសអង់គ្លេស ។ នេះត្រូវបានគេចាត់ទុកថាជាយុទ្ធសាស្ត្រជោគជ័យ របស់អាមេរិកក្នុងការអូសទាញសម្ព័ន្ធមិត្តឲ្យបោះបង់ហួវៃ។
គណកម្មការសន្តិសុខជាតិអង់គ្លេស (NSC) ដឹកនាំដោយនាយរដ្ឋមន្ត្រី Johnson នឹងជួបប្រជុំគ្នានៅថ្ងៃទី១៤ខែកក្កដាពិភាក្សាពីបញ្ហា ហួវៃ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការហាមប្រាមហួវៃនឹងមានប្រសិទ្ធភាពចាប់ពីខែមករាឆ្នាំ ២០២១។ ប៉ុន្តែមន្ត្រីអង់គ្លេសបានបញ្ជាក់ថា នឹងត្រូវចំណាយពេលជាច្រើនឆ្នាំទើបអាចលុបចោលទាំងស្រុងនៅបច្ចេកវិទ្យារបស់ហួវៃ។
កន្លងមក អាមេរិក បានហាមប្រាមក្រុមហ៊ុនហួវៃ ដោយចោទប្រកាន់ក្រុមហ៊ុននេះគំរាមកំហែងដល់សន្តិសុខជាតិ។ ក្នុងរយៈពេល២ឆ្នាំកន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានខិតខំអូសទាញសម្ព័ន្ធមិត្តនៅតំបន់អឺរ៉ុបឲ្យឈប់ប្រើប្រាស់ បច្ចេកវិទ្យារបស់ហួវៃ។ ប៉ុន្តែប្រទេសជាច្រើន ក្នុងតំបន់អឺរ៉ុបមានការស្ទាក់ស្ទើ បញ្ឈប់ហួវៃ។
នៅពេលនេះការដែលអង់គ្លេស លុប ក្រុមហ៊ុនហួវៃចេញពីគម្រោងបច្ចេកវិទ្យារបស់ខ្លួន នឹងប៉ះពាល់ដល់ប្រទេសជិតខាង ក្នុងការបង្កើតបណ្តាញ5G ពិសេសគឺប្រទេសអាល្លឺម៉ង់ដែលជាទីផ្សារបច្ចេកវិទ្យាធំបំផុតនៅអឺរ៉ុប។ កន្លងមក អុីតាលី ក៏បានសម្រេចលុបក្រុមហ៊ុនហួវៃ ចេញពីបញ្ជីដេញថ្លៃសាងសង់បណ្តាញ5G ផងដែរ៕ដោយ៖ធី រីណា